បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន តាមសេចក្តីរាយការណ៍ បាននិយាយជាមួយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu តាមទូរស័ព្ទថា លោករំពឹងថា នឹងមានការផ្អាកការវាយប្រហារ យោធាភ្លាមមួយ ទៅលើគោលដៅពួកប៉ាឡេស្ទីន ក្នុងតំបន់ហ្គាហ្សា ដើម្បីបើកផ្លូវសម្រាប់ បទឈប់បាញ់គ្នា។

កិច្ចសន្ទនាគ្នា រវាងមេដឹកនាំទាំងពីររូបនេះ គឺត្រូវបានធ្វើឡើង ក្រោយពេល២ថ្ងៃ បន្ទាប់ពីលោក បៃដិន បាននិយាយចុងក្រោយ ជាមួយលោក Netanyahu។ កាលពីថ្ងៃចន្ទ លោកប្រធានាធិបតី សហរដ្ឋអាមេរិក បាននិយាយថា ប្រទេសអ៊ីស្រាអែល មានសិទ្ធិការពារខ្លួនឯង ប៉ុន្តែបានស្នើឲ្យបញ្ឈប់ទង្វើអរិភាព ជំរុញអ៊ីស្រាអែល ឲ្យប្រឹងប្រែង គ្រប់មធ្យោបាយ ដើម្បីការពារជនស៊ីវិល គ្មានកំហុស។
សេតវិមាន បាននិយាយដូច្នេះថា “មេដឹកនាំទាំងពីរ បានធ្វើការពិភាក្សាគ្នា យ៉ាងលម្អិត ស្តីពីស្ថានភាពនៃព្រឹត្តិការណ៍ នៅតំបន់ហ្គហ្សា ដំណើរវិវត្តន៍របស់អ៊ីស្រាអែល ក្នុងការបំបាក់សមត្ថភាព ពួកហាម៉ាស់ និងក្រុមភេរវករផ្សេងទៀត ព្រមទាំងកិច្ចប្រឹងប្រែង ការទូតកំពុងប្រព្រឹត្តទៅ ដោយរដ្ឋាភិបាលក្នុងតំបន់ និងសហរដ្ឋអាមេរិក”។
តាមសេចក្តីរាយការណ៍ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហាញដល់លោក នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា លោករំពឹងថា មានការផ្អាក់ការវាយប្រហារ ដ៏សំខាន់មួយនៅថ្ងៃនេះ ដែលជាផ្លូវឆ្ពោះទៅរក ការបង្កើតបទឈប់បាញ់គ្នា៕ ប្រែសម្រួល៖ប៉ាង កុង
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									