ព្រុចសែល ៖ គណៈកម្មការអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខា លើកិច្ចសន្យាទី៣ ជាមួយក្រុមហ៊ុនឱសថ BioNTech និង Pfizer ដោយធានានូវការបន្ថែមចំនួន ១,៨ ពាន់លានដូស នៃវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ នៅចន្លោះឆ្នាំ២០២១ ដល់ ២០២៣ ។
គណៈកម្មការអឺរ៉ុប បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា កិច្ចសន្យាថ្មីតម្រូវឱ្យផលិតកម្ម វ៉ាក់សាំងនេះ មានមូលដ្ឋាន នៅក្នុងសហភាពអឺរ៉ុប (EU) ហើយសមាសធាតុ ចាំបាច់ទាំង នោះមានប្រភពនៅក្នុងប្លុក ។ ក្នុងនោះក៏បានកំណត់ផងដែរថា ចាប់ពីការផ្គត់ផ្គង់នៅឆ្នាំ ២០២២ ការដឹកជញ្ជូន ទៅសហភាពអឺរ៉ុប ត្រូវបានធានា។
រដ្ឋជាសមាជិកអាចលក់បន្ត ឬបរិច្ចាគដូសដល់ប្រទេស ដែលកំពុង ត្រូវការ នៅក្រៅសហភាពអ៊ឺរ៉ុប ឬតាមរយៈ COVAX ដែលរួមចំណែកដល់ការទទួលវ៉ាក់សាំង ជាសកល និងដោយយុត្តិធម៌ នៅទូទាំងពិភពលោក។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានលើកឡើងថា “ កិច្ចសន្យាដែលមានសក្តានុពល ជាមួយក្រុមហ៊ុនផលិតដទៃទៀត នឹងអនុវត្តតាមគំរូតែមួយ ដើម្បីជាផលប្រយោជន៍ទាំងអស់គ្នា” ។
ស្នងការអឺរ៉ុបសម្រាប់សុខភាព និងសុវត្ថិភាព ចំណីអាហារលោកស្រី Stella Kyriakides បានបន្ថែម ថា សហភាពអឺរ៉ុបកំពុងផ្តល់ អាទិភាពដល់បច្ចេកវិទ្យា ដែលបានបង្ហាញពីតម្លៃ របស់ពួកគេដូចជាវ៉ាក់សាំង mRNA ប៉ុន្តែកំពុងរក្សាជម្រើស របស់ខ្លួនឱ្យនៅបើកចំហ ៕
ដោយ ឈូក បូរ៉ា