ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានលើកឡើងថា លោកមានការព្រួយបារម្ភអំពី ផែនការរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដាក់ពង្រាយកងទ័ព បន្ដវេននៅក្នុងប្រទេសប៉ូឡូញ ក្នុងអំឡុងពេលជួបជាមួយ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នៅថ្ងៃមុននៅខាងក្រៅកិច្ចប្រជុំ ក្រុមប្រឹក្សាតំបន់អាក់ទិកនៅទីក្រុង Reykjavik ប្រទេសអ៊ីស្លង់។
លោកបានឲ្យដឹងនៅក្នុង សន្និសីទកាសែតបន្ទាប់ពីកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រឹក្សាតំបន់អាក់ទិកថា “ជាពិសេសផែនការ ស្តីពីការបង្កើនវត្តមានរបស់កងទ័ពអូតង់ កំពុងត្រូវបានពិភាក្សាដោយបើកចំហ។ ខ្ញុំបានសួរលោក Blinken អំពីបញ្ហានេះកាលពីម្សិលមិញ” ។
លោកបានបន្ថែមថា ក្រុងវ៉ាស៊ីនតោន កំពុងពិភាក្សាអំពីផែនការដាក់ពង្រាយ កម្លាំងបន្ថែមដែលមានចំនួនច្រើន នៅក្នុងប្រទេសប៉ូឡូញ ដែលនឹងជាការបំពានដោយផ្ទាល់ នៃច្បាប់ស្ថាបនិករុស្ស៊ីនិងណាតូ។
លោក Lavrov បានលើកឡើងថា លោកសង្ឃឹមថា សមាជិកណាតូ នឹងយល់ថាបញ្ហានេះមិនមែន ជាបញ្ហាទ្វេភាគីនោះទេ ប៉ុន្តែមានការយកចិត្តទុកដាក់ដោយផ្ទាល់ ចំពោះការសន្យាពហុភាគី ដែលប្លុកនេះមានចំពោះប្រទេសរុស្ស៊ី។
វិមានក្រឹមឡាំងបានឲ្យដឹងផងដែរថា ជំនួបរបស់លោក Lavrov ជាមួយលោក Blinken គឺជាសញ្ញាវិជ្ជមានមួយដោយបន្ថែមថា ការសន្ទនាមានលក្ខណៈស្ថាបនា ហើយលទ្ធផលនៃការសន្ទនានេះ នឹងជួយឱ្យយល់ពីទស្សនវិស័យ សម្រាប់កិច្ចប្រជុំដែលអាចកើត មានរវាងប្រធានាធិបតីអាមេរិក និងរុស្ស៊ី នាពេលអនាគត ៕
ដោយ ឈូក បូរ៉ា