ព័ត៌មានអន្តរជាតិ

ក្រុមរដ្ឋមន្ត្រីការពារជាតិ ផ្តោតលើផែនការ សម្រាប់អនាគតនៃសម្ព័ន្ធមិត្តណាតូ នៅជំនួបកំពូល

បរទេស៖ សមត្ថភាពរបស់អង្គការណាតូ រៀបចំអនាគតរបស់ខ្លួន គឺជាកម្មវិធីមួយមានឈ្មោះថា NATO 2030 គឺជាការផ្តោតនៃជំនួបកំពូល មានរយៈពេលមួយថ្ងៃរបស់ ក្រុមរដ្ឋមន្ត្រីការពារជាតិនៃ ប្រទេសសមាជិកណាតូ នៅក្នុងទីក្រុងព្រួចសែល កាលពីថ្ងៃអង្គារ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា ផែនការ ដែលត្រូវបានគេរៀបចំឡើង នៅក្នុងខែវិច្ឆិកា ក្នុងឯកសារមាន៦៦ទំព័រនោះ គឺសង្កត់ធ្ងន់លើការសម្របខ្លួន ការត្រៀមលក្ខណៈកើនឡើង និងការវិនិយោគ ដើម្បីរក្សាភាពពាក់ព័ន្ធគ្នា។

នៅក្នុងជំនួបកំពូលនោះ ប្រធានគណៈកម្មការយោធាណាតូ លោក Stuart Peach បានលើកឡើងថា ប្រទេសរុស្ស៊ីជាការគម្រាមកំហែងដ៏ចម្បង ចំពោះតំបន់អឺរ៉ុបនិងអាត្លង់ទិក ប៉ុន្តែបានធ្វើការកត់សម្គាល់ថា ប្រទេសចិនក៏ជាគ្រោះថ្នាក់ដ៏ធំមួយផងដែរ។

នៅពេលចាប់ផ្តើមនៃជំនួបកំពូលនោះ លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “ចាប់តាំងពីឆ្នាំ២០១៤មក យើងបានអនុវត្តការពង្រឹងបន្ថែម នូវកិច្ចការពាររួមគ្នាដ៏ធំបំផុត ហើយយើងបានពង្រឹង គោលជំហរយោធារបស់យើង ចាប់ពីតំបន់សមុទ្របាលទិក រហូតដល់សមុទ្រខ្មៅ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top