ព័ត៌មានអន្តរជាតិ

ប៉ូលីសថៃ ចាប់ខ្លួនម្ចាស់ហាងលក់មាស ដោយចោទថា លាងលុយកខ្វក់ ពីលុយជួញគ្រឿងញៀន

បរទេស៖ អាជ្ញាធរថៃ នៅថ្ងៃព្រហស្បតិ៍បានចាប់ខ្លួនម្ចាស់ហាងមាសក្នុងស្រុកម្នាក់ ដោយចោទថា គាត់កំពុងលាងលុយកខ្វក់ ពីការជួញដូរគ្រឿងញៀនតាមព្រំដែន ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ប៉ូលីសនិងទាហានបានវាយឆ្មក់ចូលហាងមាស Phet Thong Sap Thawee Lae Nalika Thong Thae Yaowarat តាមបណ្តោយផ្លូវ U-Thong ក្នុងស្រុក Muang ។

ប៉ូលីសបានចាប់ខ្លួនម្ចាស់ហាងមាសឈ្មោះ Tanetpol Manaspiyalert អាយុ ៣២ ឆ្នាំ។ គាត់គឺជាជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យជាច្រើននាក់ ដែលត្រូវបានគេស្វែងរកនៅទីតាំងផ្សេងៗគ្នាក្នុងពេលតែមួយ ក្នុងការបង្រ្កាបក្នុងខេត្ត។

លោកឧត្តមសេនីយ៍ Montree Yimyaem ស្នងការទទួលបន្ទុកបង្ក្រាបគ្រឿងញៀន បាននិយាយនៅឯហាងលក់មាសនោះថា ការិយាល័យប្រឆាំងការលាងលុយកខ្វក់ (Amlo) សង្ស័យថា លោក Tanetpol បានប្រព្រឹត្តការលាងលុយ។

លោកបានចោទថា ហាងមាសនេះបានយកលុយប្រមាណ ៣០ លានបាតពីអ្នករត់ពន្ធគ្រឿងញៀនយ៉ាងសកម្មនៅតំបន់ព្រំដែនខាងលិច ហើយលុយទាំងនោះត្រូវបានប្តូរទៅជាដុំមាសបន្ទាប់មក ត្រូវបានគេបញ្ជូនទៅប្រទេសជិតខាង ដែលគាត់មិនបញ្ចេញឈ្មោះ៕ប្រែសម្រួលៈ ណៃ តុលា

To Top