ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីប្រទេសម៉ាលី ត្រូវយោធាដោះលែង ក្រោយលាឈប់ពីតំណែង

បរទេស៖ជំនួយការអនុប្រធានាធិបតី នៃប្រទេសម៉ាលីមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់នៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីបណ្ដោះអាសន្នម៉ាលី ទើបត្រូវបានដោះលែងវិញ បន្ទាប់ពីត្រូវពួកយោធាឃុំខ្លួន និងក្រោយមក បានលាឈប់ពីតំណែង។

លោកប្រធានាធិបតី Bah Ndaw និងលោកនាយករដ្ឋមន្ត្រី Moctar Ouane គឺត្រូវបានចាប់ខ្លួននិងបញ្ជូនទៅមូលដ្ឋានយោធាមួយកន្លែង នៅខាងក្រៅរដ្ឋធានី កាលពីថ្ងៃចន្ទ បង្កឲ្យមានវិបត្តិនៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ និងបង្កឲ្យមានការគម្រាមកំហែង ដាក់ទណ្ឌកម្មពីបណ្ដាមហាអំណាចនានា។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ទាំងពីររូបនេះ បានធ្វើការលាឈប់ពីតំណែង ក្នុងពេលជាប់ឃុំនោះ កាលពីថ្ងៃពុធ។

ការចាប់ខ្លួននោះ ដែលត្រូវបានរៀបចំឡើងដោយអនុប្រធានាធិបតី លោក Assimi Goita នោះ បានធ្វើឲ្យប៉ះពាល់ដល់ដំណើរវិលត្រឡប់ មករកលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសម៉ាលី ក្រោយរដ្ឋប្រហារក្នុងខែសីហា ផ្តួលរំលំអតីតប្រធានាធិបតី លោក Ibrahim Boubacar Keita៕ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top