បរទេស៖ប្រទេសរុស្ស៊ី នៅថ្ងៃអង្គារនេះបាននិយាយថា ខ្លួនមានសមត្ថភាពសម្រាប់ជាលើកដំបូង ក្នុងការធ្វើប្រតិបត្តិការយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រហោះហើរ ចម្ងាយឆ្ងាយសមត្ថភាពនុយក្លេអ៊ែ ពីមូលដ្ឋានទ័ពអាកាសរបស់ខ្លួននៅក្នុងប្រទេសស៊ីរី ហើយនេះជាករពង្រីកសមត្ថភាព និងអនុញ្ញាតឲ្យយន្តហោះប្រភេទនេះ ត្រូវបានហ្វឹកហាត់ក្នុងតំបន់ថ្មី។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Journal Beat នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា រុស្ស៊ីធ្វើប្រតិបត្តិការមូលដ្ឋាន Hmeymim ស្ថិតនៅលើតំបន់ឆ្នេរមេឌីទែរ៉ានេ របស់ប្រទេសស៊ីរី ដែលធ្លាប់បានប្រើធ្វើការវាយប្រហារ តាមអាកាសកាលពីអតីត ក្នុងដំណើរគាំទ្រដល់លោកប្រធានាធិបតីស៊ីរី បាហ្សា អាល់អាសាដ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ីបាននិយាយថា យន្តហោះទម្លាក់គ្រាប់ហោះហើរចម្ងាយឆ្ងាយ Tupolev Tu-22M3 បានហោះចូលទៅក្នុងមូលដ្ឋានទ័ពអាកាស Hmeymim។
ក្រសួងការពារនៃប្រទេសរុស្ស៊ី បាននិយាយបន្ថែមទៀតថា យន្តហោះទម្លាក់គ្រាប់ដែលមកដល់ថ្មីៗចំនួន៣គ្រឿង នឹងធ្វើសមយុទ្ធហ្វឹកហាត់ នៅក្នុងតំបន់ភូមិសាស្ត្រថ្មី ពីលើដែនសមុទ្រមេឌីទែរ៉ានេ នៅមុនពេលវិលត្រឡប់ទៅព្រលានអចិន្ត្រៃយ៍នៅក្នុងប្រទេសរុស្ស៊ីវិញ៕
ប្រែសម្រួល៖ប៉ាង កុង