បរទេស៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បានពិភាក្សាគ្នាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ និងសហប្រតិបត្តិការ ក្នុងដំណើរដោះស្រាយភាពលំបាក ក្នុងតំបន់និងក្នុងពិភពលោក។
នៅថ្ងៃព្រហស្បតិ៍នេះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ចប់ដំណើរទស្សនកិច្ច តំបន់មជ្ឈិមបូព៌ា ដែលដំណើរទស្សនកិច្ចនេះ មានគោលដៅពង្រឹងបន្ថែម បទឈប់បាញ់គ្នាមួយ រវាងប្រទេសអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ឈ្មោះ ហាម៉ាស់។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Ned Price បាននិយាយប្រាប់ថា ក្រៅពីនោះ លោក Blinken ក៏បានពិភាក្សាគ្នា ជាមួយរដ្ឋមន្ត្រីការបរទេស នៃប្រទេសកាតា គឺព្រះអង្គម្ចាស់ Mohammed bin Abdulrahman Al-Thani ផងដែរ។
នៅក្នុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទទាំងពីរនោះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានគូសបង្ហាញពីសារៈសំខាន់ នៃការរួបរួមគ្នាគំាទ្រជាអន្តរជាតិ សម្រាប់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ និងការអភិវឌ្ឍ នៅក្នុងតំបន់ហ្គាហ្សា។
គួរបញ្ជាក់ថា ប្រទេសកាតា នៅថ្ងៃពុធសប្ដាហ៍នេះ បាននិយាយថា ខ្លួននឹងផ្តល់ប្រាក់៥០០លានដុល្លារ ដើម្បីជួយកសាងឡើងវិញ នៅក្នុងតំបន់ហ្គាហ្សា៕ ប្រែសម្រួល៖ប៉ាង កុង