ព័ត៌មានអន្តរជាតិ

អឺរ៉ុប អនុម័តឲ្យប្រើប្រាស់ វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ Pfizer-BioNTech សម្រាប់អាយុពី ១២ ដល់ ១៥ឆ្នាំ

ព្រុចសែល៖ ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) កាលពីថ្ងៃសុក្របានអនុម័តការប្រើប្រាស់វ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ Pfizer-BioNTech សម្រាប់កុមារដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ Pfizer-BioNTech ក្លាយជាវ៉ាក់សាំងដំបូងគេ ដែលត្រូវបានអនុញ្ញាតសម្រាប់មនុស្សវ័យជំទង់ នៅក្នុងរដ្ឋចំនួន ២៧ នៃសមាជិកសហភាពអឺរ៉ុប។

អ្នកគ្រប់គ្រងយុទ្ធសាស្ត្រវ៉ាក់សាំងរបស់ EMA លោក Marco Cavaleri បានប្រាប់សន្និសីទសារព័ត៌មានថា និយតករឱសថ បានទទួលទិន្នន័យចាំបាច់ ដើម្បីផ្តល់សិទ្ធិចាក់វ៉ាក់សាំងសម្រាប់ក្មេងជំទង់។ ទិន្នន័យបង្ហាញថា វាមានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកបានចង្អុលបង្ហាញថា ការសម្រេចចិត្តចាំបាច់ត្រូវតែមានការយល់ព្រមពីគណៈកម្មការអឺរ៉ុប និងនិយតករជាតិនីមួយៗ។ និយតករនៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិក បានផ្តល់អនុសាសន៍រួចហើយនូវការប្រើប្រាស់របស់វាសម្រាប់ក្មេងជំទង់។

អនុសាសន៍របស់លោក គឺផ្អែកលើការសិក្សាលើក្មេងជំទង់ជាង ២២០០ នាក់នៅសហរដ្ឋអាមេរិកដែលបង្ហាញថាវ៉ាក់សាំងនេះមានសុវត្ថិភាព និងប្រសិទ្ធភាព។ ការសាកល្បងបានបង្ហាញថា ការឆ្លើយតបភាពស៊ាំក្នុងក្រុមនេះ គឺអាចប្រៀបធៀបទៅនឹងក្រុមអាយុ ១៦-២៥ ។

គួរបញកជាក់ថា ការសិក្សាបានបង្ហាញថាវ៉ាក់សាំងនេះមានប្រសិទ្ធភាព ១០០ ភាគរយក្នុងការការពារជំងឺកូវីដ – ១៩៕ដោយ ឈូក បូរ៉ា

To Top