ព័ត៌មានអន្តរជាតិ

ចិននិងតៃវ៉ា់ន់​ ចោទដាក់គ្នាជាថ្មី ជុំវិញរឿង ថ្នាំវ៉ាក់សាំង

បរទេស ៖ ប្រទេសចិននិងកោះតៃវ៉ាន់ នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បានធ្វើការចោទដាក់គ្នា បន្ថែមទៀត ស្តីពីរឿងថ្នាំវ៉ាក់សំាងកូវីដ១៩ ដោយទីក្រុងប៉េកាំង និយាយថា វាមិនគួរជាឧបករណ៍នយោបាយនោះទេ ស្របពេលដែលបក្សកាន់ អំណាចតៃវ៉ាន់ និយាយថា ប្រទេសចិន គឺជាបាតដៃខ្មៅ ដែលរារាំង មិនឲ្យខ្លួនទទួលបាន ថ្នាំវ៉ាក់សាំងពីអន្តរជាតិ ។

ប្រទេសចិននិងតៃវ៉ាន់ បានធ្វើការចោទប្រកាន់ដាក់គ្នាទៅវិញ ទៅមក ចាប់តាំងពីការរាតត្បាត ជម្ងឺកូវីដ១៩ បានចាប់ផ្តើម ជុំវិញរឿង គ្រប់យ៉ាង ចាប់តាំងពីរឿង តម្លាភាពស្តីពីការចម្លងមេរោគ រហូតដល់រឿងតៃវ៉ាន់ មិនអាចទទួលបានការ ចូលរួមពេញលេញ ក្នុងកិច្ចប្រជុំអង្គការ សុខភាពពិភពលោក ។

គួរបញ្ជាក់ថា នាពេលថ្មីៗនេះ ប្រទេសចិនបានស្នើផ្តល់ថ្នាំវ៉ាក់សាំងឲ្យកោះតៃវ៉ាន់ ប៉ុន្តែតៃវ៉ាន់និយាយថា ថ្នាំវ៉ាក់សាំងដែលផលិត នៅក្នុងប្រទេសចិន មានក្តីព្រួយបារម្ភពីសុវត្ថិភាព ច្រើនហួស ហើយតៃវ៉ាន់ក៏បានចោទប្រកាន់ចិន ពីបទរារាំងមិនឲ្យតៃវ៉ាន់មានកិច្ចព្រមព្រៀង មួយជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ជាការចោទប្រកាន់មួយ ដែលទីក្រុងប៉េកាំងបដិសេធ ។

គណបក្សកាន់អំណាចតៃវ៉ាន់បាននិយាយថា ការថ្លែង របស់ប្រទេសចិន កាលពីសប្ដាហ៍មុន ដែលថាតៃវ៉ាន់ នឹងមិនទទួលជោគជ័យ ក្នុងការប្រើប្រាស់ថ្នាំ វ៉ាក់សាំងស្វែង រកភាពឯករាជ្យនោះ បានបង្ហាញថា ប្រទេសចិនមានបាតដៃខ្មៅ នៅពីក្រោយឆាក ដែលរារាំងតៃវ៉ាន់ មិនឲ្យទទួលបានថ្នាំវ៉ាក់សាំង ពីអន្តរជាតិ ៕ ប្រែសម្រួល៖ប៉ាង កុង

To Top