បរទេស ៖ មន្ត្រីនាំពាក្យរដ្ឋាភិបាលជប៉ុន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះ ថា ប្រទេសជប៉ុន នឹងចាប់ផ្តើម ធ្វើការចាក់ថ្នាំវ៉ាក់សំាង ការពារជម្ងឺកូវីដ១៩ នៅតាមកន្លែងធ្វើការ និងសាកលវិទ្យាល័យ នៅថ្ងៃទី២១ ខែមិថុនា ដើម្បីពន្លឿន ការជំរុញលើការចាក់ថ្នាំ វ៉ាក់សាំង ក្នុងប្រទេស ។
រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី លោក Katsunobu Kato បាននិយាយប្រាប់សន្និសីទ កាសែតមួយថា កាលបរិច្ឆេទ នៃការចាប់ផ្តើមនេះ អាចនឹងកាន់តែឆាប់ឡើង ប្រសិនបើរដ្ឋាភិបាលជឿថា មានក្តីសង្ឃឹមលើការបំពេញ បានទាំងស្រុង លើការចាក់ថ្នាំវ៉ាក់សំាង ដល់មនុស្សមានវ័យ៦៥ឆ្នាំ ឬក៏ចំណាស់ជាងនោះ ដែលជាគោលដៅដំបូង ចប់នៅក្នុងខែកក្កដា ។
លោក Katsunobu Kato បានមានប្រសាសន៍ផងដែរថា ការពង្រីងចំនួនកន្លែងចាក់ថ្នាំវ៉ាក់សំាង គឺមានន័យថា កាត់បន្ថយបន្ទុក លើសហគមន៍ក្នុងតំបន់ និងពន្លឿនសន្ទុះ នៃការចាក់វ៉ាក់សាំង ហើយថ្នាំវ៉ាក់សាំងពីរដូស ដែលអភិវឌ្ឍផលិតឡើង ដោយក្រុមហ៊ុនជីវសាស្ត្រ សហរដ្ឋអាមេរិក Moderna Inc. នឹងត្រូវបានប្រើប្រាស់ ។
គួរបញ្ជាក់ថា ផែនការនេះ ត្រូវបានប្រកាសឡើង ក្រោយមួយថ្ងៃ បន្ទាប់ពីមជ្ឈមណ្ឌលដាក់ វ៉ាក់សាំង រួមរបស់រដ្ឋពីរកន្លែង ដែលចូលរួមធ្វើការ ដោយបុគ្គលិកកងកម្លាំង ការពារប្រទេស នៅក្នុងទីក្រុងតូក្យូ និងក្នុង ទីក្រុងអូសាកា បានចាប់ផ្តើមប្រតិបត្តិការពេញលេញ ដោយឈានដល់គោលដៅរៀងខ្លួន ៕
ប្រែសម្រួល៖ប៉ាង កុង