ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន នឹងផ្អាកគម្រោង ការជួលទីតាំងខួង យកប្រេង និងឧស្ម័ន នៅតំបន់អាក់ទិក

វ៉ាស៊ីនតោន ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ថា រដ្ឋបាលរបស់ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងផ្អាកគម្រោង ការជួលទីតាំង ខួងយកប្រេង និងឧស្ម័ន នៅក្នុងដែនជម្រកសត្វព្រៃ អាក់ទិក របស់រដ្ឋអាឡាស្កា ដោយរង់ចាំការត្រួតពិនិត្យ បរិស្ថានជាមុនសិន ។

ការផ្លាស់ប្តូរនេះ គឺផ្ទុយពីការសម្រេចចិត្ត របស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការលក់កិច្ចសន្យាជួលប្រេង នៅក្នុងដែនជម្រក ដើម្បីពង្រីកការអភិវឌ្ឍឥន្ធនៈហ្វូស៊ីល និងរ៉ែ ។

គួរបញ្ជាក់ថា ទីរហោស្ថាន អាឡាស្កា គឺជាដែនជម្រករបស់ពពួកសត្វសំខាន់ៗ ជាច្រើន រួមមានសត្វខ្លាឃ្មុំប៉ូល្សខារូ និងឆ្កែចចក ជាដើម ។

មេដឹកនាំកុលសម្ព័ន្ធ នៅតំបន់អាក់ទិក បានស្វាគមន៍ចំពោះការផ្លាស់ប្តូរនេះ ។

កាលពីខែមករា លោក ត្រាំ បានជំរុញការលក់សិទ្ធិក្នុងការខួង យកប្រេងលើផ្ទៃដីប្រមាណ ៥ភាគរយនៃទីជម្រក ពោលគឺប៉ុន្មានថ្ងៃមុន អាណត្តិប្រធានាធិបតីរបស់លោកបានបញ្ចប់ ។

គ្របដណ្តប់លើផ្ទៃដី១៩លានហិកតា ដែនជម្រកសត្វព្រៃអាក់ទិក ហៅកាត់ថា (ANWR) ត្រូវបានពិពណ៌នា ជាទីរហោស្ថានចុងក្រោយបំផុតរបស់អាមេរិក ។

វាជាទីតាំងសំខាន់សម្រាប់ប្រភេទ សត្វជាច្រើនរួមទាំងខ្លាឃ្មុំ តំបន់ប៉ូលផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top