បរទេស៖ ក្រសួងសុខាភិបាលប្រទេសវៀតណាម បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនកំពុងពិចារណាលើការផ្តល់ការយល់ព្រមសម្រាប់ប្រើប្រាស់បន្ទាន់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ស៊ីណូហ្វាម របស់ប្រទេសចិន។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យផ្នែករដ្ឋបាលផ្នែកឱសថរបស់ប្រទេសវៀតណាមបាននិយាយថាអ្នកជំនាញកំពុងធ្វើការសូម្បីតែក្នុងអំឡុងពេលចុងសប្តាហ៍ដើម្បីវាយតម្លៃឯកសារទៅលើវ៉ាក់សាំងនេះ ហើយក៏មានទំនាក់ទំនងជាមួយជនជាតិចិនផងដែរដើម្បីស្វែងរកព័ត៌មានដែលបាត់។
វ៉ាក់សាំងនេះត្រូវបានអនុម័តដោយប្រទេសចិនកាលពីខែធ្នូ និងដោយអង្គការសុខភាពពិភពលោកសម្រាប់ការប្រើប្រាស់ជាបន្ទាន់កាលពីខែមុន។ ប្រទេសនិងដែនដីចំនួន ៤២ ហើយ កំពុងប្រើប្រាស់វ៉ាក់សាំងរបស់ប្រទេសចិនេះ ដែលក្នុងនោះមាន ២០០ លានដូសត្រូវបានដឹកជញ្ជូនទូទាំងពិភពលោក។
ប្រទេសវៀតណាមបានអនុម័តលើវ៉ាក់សាំងចំនួន ២ ផ្សេងទៀតសម្រាប់ការប្រើប្រាស់ជាបន្ទាន់គឺ វ៉ាក់សាំង Sputnik V របស់រុស្ស៊ី និងវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនអង់គ្លេស – ស៊ុយអែត គឺ AstraZeneca ៕ ប្រែសម្រួលៈ ណៃ តុលា