វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានចុះផ្សាយនៅថ្ងៃពុធនេះថា ប្រទេសចិន និងសហរដ្ឋអាមេរិក បានបញ្ជាក់ពីសារៈសំខាន់នៃចំណងទាក់ទងសេដ្ឋកិច្ចទ្វេភាគី បន្ទាប់ពីកិច្ចពិភាក្សាជាវីដេអូរវាងឧបនាយករដ្ឋមន្រ្តីចិនលោកលីវ ហេ និងរដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen ។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានឲ្យដឹងថា“ ភាគីទាំងពីរជឿជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងចិន និងសហរដ្ឋអាមេរិក មានសារៈសំខាន់ណាស់” ដោយបន្ថែមថា អ្នកទាំងពីរមានការផ្លាស់ប្តូរគ្នាយ៉ាងទូលំទូលាយលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។
នៅក្នុងនោះដែរ ទីភ្នាក់ងារព័ត៌មានចិន ក៏បានចុះផ្សាយឲ្យដឹងផងដែរថា បញ្ហានៃការយកចិត្តទុកដាក់គ្នាទៅវិញទៅមកក៏ត្រូវបានពិភាក្សាផងដែរ។
កាលពីសប្តាហ៍មុនលោកលីវ ហេ ដែលមានតួនាទីជាប្រធានអ្នកចរចាពាណិជ្ជកម្មចិនជាមួយសហរដ្ឋអាមេរិកបានជជែកជាមួយសមភាគីអាមេរិករបស់លោក Katherine Tai តាមទូរស័ព្ទសម្រាប់កិច្ចពិភាក្សាលើកដំបូង ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន។
ទំនាក់ទំនងរវាងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរបានកើតឡើងចំពេលដែលការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន កាន់តែខ្លាំងឡើង ដោយរដ្ឋបាលលោក បៃដិន បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹងខាងសេដ្ឋកិច្ច និងសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំង នៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ក៏ដូចជាការចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្ស។
រដ្ឋបាលលោក បៃដិន ក៏កំពុងពិនិត្យមើលឡើងវិញនូវទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីផងដែរបន្ទាប់ពីមានសង្រ្គាមពន្ធគយ និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម“ ដំណាក់កាលមួយ” ដែលត្រូវបានធ្វើឡើងកាលពីឆ្នាំមុន ក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ៕
ដោយ ឈូក បូរ៉ា