ព័ត៌មានអន្តរជាតិ

អង់គ្លេស ទទួលបានភ្លៀង ខៀវឲ្យចាប់ផ្តើម កិច្ចពិភាក្សា ស្តីពីការចូលរួម ក្នុងកិច្ចព្រមព្រៀង ជំនួញប៉ាស៊ីហ្វិក

បរទេស ៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសជាសមាជិក នៃកិច្ចព្រមព្រៀង CPTPP នៅថ្ងៃពុធនេះ បានព្រមព្រៀងគ្នា អនុញ្ញាតឲ្យប្រទេសអង់គ្លេស ចាប់ផ្តើមធ្វើដំណើរការ នៃការចូលរួមក្នុងកិច្ចព្រមព្រៀង ជំនួញអន្តរប៉ាស៊ីហ្វិកនេះ ។

ការសម្រេចចិត្តនេះ គឺជាការបោះជំហានមួយទៀត ក្នុងកិច្ចប្រឹងប្រែង របស់ប្រទេសអង់គ្លេស ដើម្បីងាកចេញពីអឺរ៉ុប កសាងឥទ្ធិពល សកល និងបង្កើតទំនាក់ទំនងជំនួញថ្មី ជាមួយបណ្ដាប្រទេស មានសេដ្ឋកិច្ចកើនឡើងលឿន ក្រោយចាកចេញពី សហភាពអឺរ៉ុប នៅចុងឆ្នាំ២០២០ ។

រដ្ឋមន្ត្រីសេដ្ឋកិច្ចជប៉ុន លោក Yasutoshi Nishimura បាននិយាយប្រាប់អ្នកសារព័ត៌មានថា លោកស្វាគមន៍ ចំពោះការចាប់ផ្តើមដំណើរ ការនៃការចូលរួម ក្រោយរៀបចំកិច្ចប្រជុំ តាមអនឡាញ នៃរដ្ឋមន្ត្រីសេដ្ចកិច្ច មកពីប្រទេសចំនួន១១ ដែលបង្កើតកិច្ចព្រមព្រៀង ជំនួញអន្តរប៉ាស៊ីហ្វិក ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រទេសជាសមាជិកទាំង១១ បាននិយាយថា “ភាពជាសមាជិកដ៏មានសក្តានុពល របស់ចក្រភពអង់គ្លេស នឹងគាំទ្រដល់ផលប្រយោជន៍គ្នា ទៅវិញទៅមក គុណតម្លៃនិងការប្តេជ្ញារក្សា ប្រព័ន្ធជំនួញផ្នែកលើផ្លូវច្បាប់ ដែលបានចែករំលែក ដោយសមាជិក នៃកិច្ចព្រមព្រៀង CPTPP“ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top