វ៉ាស៊ីនតោន ៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken បានលើកទឹកចិត្តដល់អង្គការ សន្ធិសញ្ញា អាត្លង់ទិកខាងជើង ឱ្យធ្វើកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ ជាមួយប្រទេសជប៉ុន ខណៈដែលអង្គការនេះព្យាយាម ធ្វើឱ្យមានសមត្ថភាព កាន់តែខ្លាំង ក្នុងការប្រឈមមុខ នឹងការកើនឡើង ឥទ្ធិពលរបស់ចិន និងរុស្ស៊ី ។
យោងតាមក្រសួងការបរទេស សហរដ្ឋអាមេរិកបានឱ្យដឹងថា ក្នុងអំឡុងពេល នៃការប្រជុំនិមិត្ដ នៃរដ្ឋមន្រ្តីការបរទេសណាតូ លោក Blinken បានគូសបញ្ជាក់ពីសារៈសំខាន់ នៃភាពជាដៃគូសម្ព័ន្ធភាព និងបានដាក់ឈ្មោះប្រទេសអូស្ត្រាលីជប៉ុន ណូវែលសេឡង់ និងកូរ៉េខាងត្បូង ជាប្រទេសដែលណាតូ គួរតែពង្រឹងទំនាក់ទំនងជាមួយ ។
ក្រសួងមិនបានបញ្ជាក់ លម្អិតនោះទេ ប៉ុន្តែក៏បានឲ្យដឹងផង ដែរថា លោក Blinken បានសម្តែងការគាំទ្រ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ដើម្បីធ្វើឱ្យសម្ព័ន្ធមិត្ត ដែលមានសមាជិក ៣០ ប្រទេសនេះ កាន់តែមានភាពធន់ និងសមត្ថភាពក្នុងការប្រឈមមុខ នឹងបញ្ហាជាប្រព័ន្ធពីប្រទេស រុស្ស៊ី និងចិន។
រដ្ឋបាលសហរដ្ឋអាមេរិក របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រមូលផ្តុំសម្ព័ន្ធមិត្ត និងបណ្តាប្រទេស ដែលមានគំនិតដូចគ្នា ដើម្បីរួមគ្នាដោះស្រាយនូវអ្វី ដែលខ្លួនចាត់ទុកថា ជាបញ្ហាប្រឈម ចំពោះលទ្ធិប្រជាធិបតេយ្យ និង ច្បាប់អន្តរជាតិ ដែលពួកគេបានបង្កើត ចេញពីស្វ័យភាពដូចជាចិន និងរុស្ស៊ី ។
ក្នុងចំណោមសម្ព័ន្ធមិត្តសំខាន់ៗ របស់អាមេរិកទីក្រុងតូក្យូ ត្រូវបានដាក់នៅចំកណ្តាលនៃយុទ្ធសាស្ត្រអាមេរិក ដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ទីក្រុងប៉េកាំង នៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ដោយ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga ក្លាយជាមេដឹកនាំ បរទេសដំបូងគេ ដែលបានជួបគ្នានៅឯសេតវិមាន ដោយផ្ទាល់ ចាប់តាំងពីបានចូលកាន់តំណែង កាលពីក្នុងខែមករា។
រដ្ឋបាលរបស់លោក បៃដិន ក៏បានលើកទឹកចិត្តដល់ប្រទេសជប៉ុន និងកូរ៉េខាងត្បូងផងដែរ ក្នុងការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងទ្វេភាគី ដែលបានធ្វើឱ្យមានការព្រួយ បារម្ភកាន់តែខ្លាំងឡើង អំពីបញ្ហាសំណងក្នុងពេលសង្គ្រាម ៕
ដោយ ឈូក បូរ៉ា