សេអ៊ូល៖ អ្នកជំនាញម្នាក់បានលើកឡើងថា តំណែងលេខ ២ ដែលទើបបង្កើតថ្មីនៅគណបក្ស ពលករកំពុងកាន់អំណាចរបស់ កូរ៉េខាងជើងទំនងជានៅតែទំនេរ ហើយអាចបំពេញដោយប្អូនស្រី ដ៏មានឥទ្ធិពលរបស់មេដឹកនាំលោក គីមជុងអ៊ុន ក្នុងករណីមានបញ្ហាសុខភាព ឬភាពអាសន្នផ្សេងទៀតកើតឡើង។
គណបក្សកាន់អំណាចរបស់កូរ៉េខាងជើង បានកែប្រែច្បាប់របស់ខ្លួន នៅក្នុងសមាជដ៏កម្រមួយកាលពីខែមករា ដើម្បីដាក់បញ្ចូលតំណែងលេខាធិការថ្មីដំបូង បន្ទាប់ពីមេដឹកនាំលោក គីម ជុងអ៊ុន ដោយយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើអ្នកណាដែលនឹងកាន់តួនាទីនេះ។

យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន យុនហាប់បានឲ្យដឹងថា ច្បាប់ដែលបានធ្វើវិសោធនកម្ម បានចែងថា លេខាធិការទី១ គឺជា“ អនុប្រធាន” របស់អគ្គលេខាធិការលោក គីម ជុងអ៊ុន។
អតីតរដ្ឋមន្រ្តីបង្រួបបង្រួមលោក Lee Jong-seok បានលើកឡើងថា “ក្នុងករណីមានភាពអាសន្នរួមទាំង អ្នកដែលពាក់ព័ន្ធនឹងសុខភាពរបស់មេដឹកនាំ លោក គីម យូជុង ទំនងជានឹងកាន់តំណែងនេះ និងធ្វើជាអ្នកស្នងតំណែងជាបណ្តោះអាសន្ន រហូតដល់អំណាចត្រូវប្រគល់ ឱ្យកូនប្រុសរបស់លោកគីមជុងអ៊ុន”។
លោកបានចង្អុលបង្ហាញថា ការបោះឆ្នោតជ្រើសតាំងលេខាទី ១ មិនតម្រូវឱ្យមានការបើកសមាជបក្សនោះទេ ហើយអាចត្រូវបានតែងតាំងយ៉ាងងាយស្រួល នៅឯសម័យប្រជុំពេញអង្គនៃគណៈកម្មាធិការកណ្តាល។
លោកបានបន្ថែមថា“ នេះមានន័យថា តំណែងអាចត្រូវបានបោះឆ្នោត យ៉ាងឆាប់រហ័សក្នុងករណី ដែលមេដឹកនាំមានភាពអាសន្ន” ។
លោកចូ យ៉ុងវ៉ុន ជាជំនួយការជិតស្និទ្ធរបស់លោកគីម ជុងអ៊ុន ដែលត្រូវបានគេស្មានថា ត្រូវបានគេជ្រើសរើសឱ្យឡើងកាន់តំណែងនោះ ទំនងជាមិនទទួលយកតំណែងនេះទេ ពីព្រោះលោកមិនមែន ជាសមាជិកនៃគ្រួសារគីម ៕
ដោយ ឈូក បូរ៉ា
