ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ម៉ាកូស ហ្វេរ៉ារ៉ា នាយការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាមរិក ប្រចាំកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ទៅថ្ងៃខាងមុខទំនាក់ ទំនងរវាកងទ័ព កម្ពុជា-អាមេរិក នឹងអាចត្រឡប់មកល្អដូចពេលមុនវិញ តាមរយៈការបន្តគោរពគ្នាទៅវិញ ទៅមក។ យោងតាមគេហទំព័រហ្វេសប៊ុក អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។
ក្នុងជំនួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី០៤ មិថុនា ឆ្នាំ២០២១ លោក វរសេនីយ៍ឯក ម៉ាកូស ហ្វេរ៉ារ៉ា បានគូសបញ្ជាក់ថា ចាប់តាំងពីលោក បានមកបំពេញការងារដំបូងនៅកម្ពុជា ក្នុងឆ្នាំ២០១៧ គឺបរិយាកាសមិត្តភាពរវាង កម្ពុជា និងអាមេរិក មានភាពស្និទ្ធស្នាល ប៉ុន្តែ កាលពីសប្តាហ៍មុន រូបលោក បានទៅមូលដ្ឋានសមុទ្ររាម ហើយបានឃើញសារព័ត៌មានចុះផ្សាយ នៅទំព័រមុខថា កងទ័ពសហរដ្ឋអាមេរិក បានចុះទៅត្រួតពិនិត្យនៅសមុទ្ររាម ដែលធ្វើឲ្យលោកមានអារម្មណ៍ថា ទំនាក់ទំនង កម្ពុជា-អាមេរិក ហាក់ដូចជាមានការ ប្រែប្រួល។
លោកបញ្ជាក់ថា «សង្ឃឹមថាទៅថ្ងៃខាងមុខ ទំនាក់ ទំនងរវាកងទ័ពប្រទេសទាំងពីរ នឹងអាចត្រឡប់មកល្អ ដូចពីពេលមុនវិញ តាមរយៈការបន្តគោរពគ្នាទៅវិញទៅមក ការបន្តអនុវត្តអនុសាសន៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងការកសាងទំនុកចិត្តគ្នា»។
ជាការឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានមានជំនឿយ៉ាងមុតមាំថា ទៅថ្ងៃខាងមុខ ទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរ (កម្ពុជា-អាមេរិក) នៅតែបន្តសហប្រតិបត្តិការល្អជាមួយគ្នា។
ជាងនេះទៅទៀត នាយឧត្តមសេនីយ៍ វង្ស ពិសេន រំលឹកអំពីកិច្ច សហប្រតិបត្តិការ របស់កងទ័ពអាមេរិក ក្នុងការជួយឧបត្ថម្ភគាំទ្រ ដល់កងយោធពលខេមរភូមិន្ទ ដែលត្រូវទៅបំពេញបេសកកម្ម នៅក្នុងក្របខ័ណ្ឌ អង្គការសហប្រជាជាតិ រួមទាំងការជួយហ្វឹកហ្វឺន ផ្នែកដោះមីន គ្រាប់មិនទាន់ផ្ទុះ សន្តិសុខលំហរសមុទ្រ ហើយថ្មីៗនេះការជួយឧបត្ថម្ភថវិកា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ផងដែរ ។
ក្រៅពីនោះ នាយឧត្តមសេនីយ៍ ក៏បានលើកឡើង ពីកិច្ចសហការល្អរវាងកងទ័ពប្រទេស ទាំងពីរកន្លងមក នៅក្នុងការស្វែងរកអដ្ឋិធាតុ ទាហានអាមេរិកដែលបានបាត់ខ្លួននៅកម្ពុជា ក៏ដូចជា កិច្ចសហប្រតិបត្តិការប្រឆាំងអំពើភេរវកម្ម, ការងារមនុស្សធម៌ ការស្រាវជ្រាវវិទ្យាសាស្ត្រយោធា និងលំហាត់ឆ្មាំអង្គរជាដើម ៕