ព័ត៌មានអន្តរជាតិ

ផ្លែស្វាយ ស្រស់ដំបូងរបស់កម្ពុជា បានចូលដល់ទីផ្សារតំបន់ខាងជើង ប្រទេសចិន ដោយជោគជ័យ

ភំ្នពេញ​ ៖​ ស្ថានទូតចិន​ ប្រចាំកម្ពុជា​ បានឲ្យដឹងថា​ ផ្លែស្វាយស្រស់ដំបូងគេរបស់កម្ពុជា​ បានចូលដល់ទីផ្សារតំបន់ខាងជើងប្រទេសចិន​ ដោយជោគជ័យ​ ហេីយក៏ជាសមិទ្ធផលថ្មី​ និងព្រឹត្តិការណ៍សំខាន់មួយទៀត​ ផងដែរ។

តាមរយៈហ្វេសប៊ុក​ ស្ថានទូតចិន​ ប្រចាំកម្ពុជា​ នាថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ​២០២១​ បានបញ្ជាក់ថា​ ថ្មីៗនេះ មានពិធីទទួលផ្លែស្វាយស្រស់កម្ពុជាដំបូងគេដែលបាននាំចេញទៅកាន់ប្រទេសចិន ត្រូវបានរៀបចំឡើងក្នុងតំបន់សួនដំណាំស្វាយនៃផ្សារផ្លែឈើ Xin Fa Di ក្នុងទីក្រុងBaoding ខេត្ត Hebei ប្រទេសចិន។

នាឱកាសនោះដែរ​ លោកស្រី ខែក កែម៉ាលី ស៊ីសូដា ឯកអគ្គរាជទូតកម្ពុជា​ ប្រចាំ​ប្រទេស​ចិន លោក Xu Ningning នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាកិច្ចការពាណិជ្ជកម្មចិន-អាស៊ាន និងអ្នកជំនួញផ្លែស្វាយជាច្រើន បានចូលរួមក្នុងពិធីខាងលើនេះ។

លោកស្រី ខែក កែម៉ាលី ស៊ីសូដា មានប្រសាសន៍ថា “ការទទួលស្វាគមន៍ផ្លែស្វាយស្រស់ដំបូងបង្អស់រប​ស់កម្ពុជាដែលបាននាំចេញទៅកាន់ប្រទេសចិន គឺជាសមិទ្ធផលថ្មីនិងជាព្រឹត្តិការណ៍សំខាន់មួយទៀត សម្រាប់ចំណងមិត្តភាពដែកថែបរវាងរដ្ឋាភិបាល និងប្រជាជនទាំងពីរប្រទេស នឹងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចកាន់តែច្រើន ជូនដល់កសិករកម្ពុជា”។

គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២០ ចិននិងកម្ពុជាបានចុះហត្ថលេខានិងផ្លាស់ប្តូរពិធីសារស្តីអំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញ ផ្លែស្វាយទៅកាន់ប្រទេសចិន។

ដោយឡែក​ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ពិធីនាំចេញផ្លែស្វាយកម្ពុជាដំបូងគេទៅកាន់ប្រទេសចិន ត្រូវបានរៀបចំឡើងក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា។ ផ្លែស្វាយគឺជាផ្លែឈើស្រស់ប្រភេទទី២ របស់កម្ពុជាដែលអាចនាំចេញទៅប្រទេសចិនដោយផ្ទាល់ បន្ទាប់ពីផ្លែចេក៕

To Top