ព័ត៌មានអន្តរជាតិ

អាមេរិក ប្តេជ្ញាធ្វេីការ ជាមួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង អំពេី ជួញដូរមនុស្ស

ភ្នំពេញ៖ លោក ផាក ទ្រីកម៉ាហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានលើកឡើងថា សហរដ្ឋអាមេរិកប្ដេជ្ញា ក្នុងការធ្វេីការជាមួយភាគីពាក់ព័ន្ធកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹង អំពេីជួញដូរមនុស្ស។នេះបើយោងតាម គេហទំព័រហ្វេសប៊ុក ស្ថានទូតអាមេរិក ប្រចាំកម្ពុជា។

ការលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងឱកាស លោកឯកអគ្គរដ្ឋទូត W. Patrick Murphy ជួបពិភាក្សាការងារ ជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពីកិច្ចខិតខំ ក្នុងកិច្ចសហប្រតិបត្តិការ ដែលរក្សាឱ្យកម្ពុជា និងសហរដ្ឋអាមេរិកមានសុវត្ថិភាព រួមបញ្ចូលទាំងការ អនុវត្តនូវទណ្ឌកម្មនានា របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ប្រឆាំងនឹង ប្រទេសកូរ៉េខាងជេីង និងយុត្តិធម៌សម្រាប់ ជនរងគ្រោះនៃបទឧក្រិដ្ឋ។

លោកឯកអគ្គរដ្ឋទូត ពង្រឹងឡើងវិញ នូវការប្តេជ្ញាចិត្ត សហរដ្ឋអាមេរិក ក្នុងការធ្វេីការជាមួយភាគីពាក់ព័ន្ធកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពេីជួញដូរមនុស្ស។ ការជួញដូរមនុស្ស ប៉ះពាល់ដល់ប្រជាជន នៅគ្រប់ប្រទេស លើផែនដីនេះ ហើយសហរដ្ឋអាមេរិក ជំរុញនូវកិច្ចខិតខំយ៉ាងខ្លាំងថែមទៀត នៅប្រទេសកម្ពុជា ក្នុងការកាត់ទោសអ្នកជួញដូរ ការពារជនរងគ្រោះ និងបង្ការកុំឱ្យមានឧក្រិដ្ឋកម្មជួញដូរមនុស្ស។

លោកឯកអគ្គរដ្ឋទូត ក៏បង្ហាញនូវកង្វល់ជាខ្លាំង ជូនចំពោះលោករដ្ឋមន្ត្រី អំពីការកាត់ទោសដាក់ពន្ធនាគារ នូវសកម្មជនបរិស្ថានមួយចំនួន។ យើងអំពាវនាវឱ្យមានការដោះលែង។ សេរីភាពបញ្ចេញមតិ គឺជាសិទ្ធិមនុស្សជាមូលដ្ឋាន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ ការហ៊ាននិយាយ ដើម្បីការពារបរិស្ថាន ដែលប្រឈមនឹងការគំរាមកំហែង ដោយសារការកាប់ឈេីខុសច្បាប់និងកេងយក ប្រយោជន៍ពាណិជ្ជកម្ម គឺជារឿងគួរឱ្យសរសេីរ ទៅវិញទេ។

ការគោរពនូវសិទ្ធិសេរីភាពជាមូលដ្ឋាន អាចជួយធានានូវអនាគតមួយ ដែលប្រកបដោយសុខសន្តិភាព វិបុលភាព មានអធិបតេយ្យ និងប្រជាធិបតេយ្យ សម្រាប់ប្រទេសកម្ពុជា៕

To Top