ព័ត៌មានអន្តរជាតិ

មន្ត្រីការទូតរុស្ស៊ី កត់ត្រាគ្រប់ទង្វើបំពានសន្ធិសញ្ញា Open Skies ធ្វើឡើងដោយអាមេរិក និងលោកខាងលិច

បរទេស៖ មន្ត្រីនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova តាមសេចក្តីរាយការណ៍ បានបង្ហោះសារមួយលើបណ្ដាញសង្គម Telegram នៅថ្ងៃចន្ទនេះ ដោយបង្ហាញកំណត់ត្រានៃ ទង្វើបំពានទំាងអស់លើសន្ធិសញ្ញា Open Skies ធ្វើឡើងដោយសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិច។

លោកស្រីបានចង្អុលបង្ហាញថា “នៅក្នុងឆ្នាំ២០១៥ សហរដ្ឋអាមេរិកបានធ្វើវាឲ្យមិនអាចទៅរួច ចំពោះការហោះហើរឃ្លាំមើលពីលើទឹកដីអាមេរិក ដោយមិនផ្តល់ចំនួនការឈប់ចតគ្រប់គ្រាន់ សម្រាប់យន្តហោះ Antonov An-30B របស់រុស្ស៊ី ហើយម្យ៉ាងទៀត អាមេរិកបានកម្រិតសមត្ថភាពរុស្ស៊ី ក្នុងការអង្កេតមើលក្រុមកោះ Aleutian ហើយពួកគេបានកាត់បន្ថយ រយៈចម្ងាយហោះហើរជាអតិបរិមា លុបចោលការឈប់សម្រាកពេល យប់សម្រាប់អាកាសយានិករុស្ស៊ី នៅទីលានចាក់ប្រេង”។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃចន្ទនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយ ដើម្បីការដករុស្ស៊ីចេញជាផ្លូវការ ពីសន្ធិសញ្ញាជើងមេឃចំហ Open Skies។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែឧសភាកន្លងទៅ អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរក លោកស្រី Wendy Sherman បានជូនដំណឹងដល់សមភាគីរុស្ស៊ីរបស់លោកស្រី គឺលោក Sergey Ryabkov ស្តីពីការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន មិនចូលរួមក្នុងសន្ធិសញ្ញានេះជាថ្មី ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top