ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងជំរុញ ពលរដ្ឋខ្លួនឲ្យយក ផលប្រយោជន៍ជាតិ ជាចម្បង

បរទេស៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាង គួរតែបង្កើតការបោះជំហានលោតផ្លោះទៅមុខថ្មី ក្នុងថ្ងៃតែមួយដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រារព្ធធ្វើកិច្ចប្រជុំមួយជាមួយមន្ត្រីជាន់ខ្ពស់។

កាសែតបក្សពលករកូរ៉េ Rodong Sinmun បានអំពាវនាវឲ្យប្រជាជនកូរ៉េខាងជើង ធ្វើការបោះជំហានទៅមុខ ទន្ទឹមនឹងជំនះលើការលំបាកនានា តាមរយៈការច្នៃប្រឌិតដែលបង្កើតឡើងរួមគ្នា។ គ្រប់វិស័យនិងអង្គភាពទាំងអស់ គួរតែសហការគ្នាយ៉ាងសកម្ម និងធ្វើការគាំទ្របន្ថែមទៀត ដើម្បីពន្លឿនដំណើរវិវត្តទៅមុខរួមគ្នា។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា កាសែតកូរ៉េខាងជើងនេះ បាននិយាយបន្ថែមដូច្នេះថា “នេះគឺជាទំនៀបនៃការតស៊ូប្រកបដោយមោទនភាពរបស់យើង ដែលជាមធ្យោបាយនៃការបោះជំហានឆ្ពោះទៅមុខរបស់យើង”។

កាសែតរដ្ឋកូរ៉េខាងជើងដដែលនេះ បានធ្វើការបង្ហាញនូវសមាជិកបក្សនិងរោងចក្រ ឬក៏អង្គភាពការងារ ដែលបានបង្កើនផលិតកម្ម តាមរយៈការពង្រឹងសាមគ្គីភាពនិងសហប្រតិបត្តិការគ្នាជាប្រព័ន្ធ និងបានព្រមានដល់អង្គភាពការងារ ដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនគិតដល់ផលិតកម្មពីទស្សនៈរបស់ជាតិ៕ប្រែសម្រួល៖ប៉ាង កុង

To Top