ព័ត៌មានអន្តរជាតិ

លោក បៃដិន នឹងធ្វើដំណើរទៅអឺរ៉ុប នៅថ្ងៃពុធ ក្នុងដំណើរទស្សនកិច្ច នៅបរទេសដំបូងរបស់លោក ក្នុងនាម ជាប្រធានាធិបតី

បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងធ្វើដំណើរចេញពីទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធសប្ដាហ៍នេះ សម្រាប់ដំណើរទស្សនកិច្ចនៅអឺរ៉ុប ដែលជាដំណើរទស្សនកិច្ចទៅបរទេសដំបូង ក្នុងនាមជាប្រធានាធិបតី ដោយលោកមានគោលដៅពង្រឹងចំណងមិត្តភាព ជាមួយសម្ពន្ធមិត្តជិតស្និទ្ធនានា និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងពហុជាតិនិយម នៅទូទាំងតំបន់។

ដំណើរទស្សនកិច្ចរយៈពេល៨ថ្ងៃរបស់លោក បៃដិន រួមទាំងការធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស ប៊ែលហ្ស៊ិកនិងស្វីស ដើម្បីជួបជាមួយអ្នកនយោបាយ ព្រះរាជវង្ស សម្ពន្ធមិត្តណាតូ និងប្រារព្ធធ្វើជំនួបកំពូលជាមួយក្រុមប្រទេស G7 សហភាពអឺរ៉ុប និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ស្របពេលមានភាពតានតឹងកើនឡើង រវាងប្រទេសទាំងពីរ បន្ទាប់មានការវាយប្រហារតាមអ៊ីនធឺណេតមួយចំនួន ដែលមានប្រភពចេញពីទីក្រុងមូស្គូ ផ្តោតគោលដៅលើសហរដ្ឋអាមេរិក។

នៅក្នុងអំឡុងសន្និសីទកាសែតមួយកាលពីថ្ងៃចន្ទ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានប្រាប់អ្នកសារព័ត៌មានថា “តាមភាពសំខាន់របស់វា ដំណើរទស្សនកិច្ច នឹងជំរុញដល់មូលដ្ឋានគ្រឹះនៃគោលនយោបាយបរទេសរបស់លោក ចូ បៃដិន គឺដើម្បីប្រមូលផ្តុំលទ្ធិប្រជាធិបតេយ្យពិភពលោក ដោះស្រាយភាពលំបាកខ្លាំងនាពេលបច្ចុប្បន្នរបស់យើង”។

លោកបានមានប្រសាសន៍បន្ថែមទៀតថា “នៅពេលលោកប្រធានាធិបតី បៃដិន វិលត្រឡប់មកទីក្រុងវ៉ាស៊ីនតោន នៅសប្ដាហ៍ក្រោយ យើងជឿថា យើងនឹងស្ថិតក្នុងគោលជំហរកាន់តែរឹងមាំឡើង ដើម្បីគ្រប់គ្រងការគម្រាមកំហែងធំៗ ដែលប្រទេសនេះប្រឈមមុខ គឺជម្ងឺកូវីដ១៩ បញ្ហាអាកាសធាតុ បញ្ហាចិន ការវាយប្រហារតាមអ៊ីនធឺណេត បញ្ហារុស្ស៊ី និងកំណត់ទម្រង់ច្បាប់ជំនួញនិងបច្ចេកវិទ្យា សម្រាប់អនាគត”៕ប្រែសម្រួល៖ប៉ាង កុង

To Top