ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ប្រាប់លោក Joe Biden កុំដេកលក់ពេលប្រជុំ ជាមួយប្រធានាធិបតី រុស្ស៊ីលោក ពូទីន (video)

បរទេស៖ អតីតប្រធានាធិបតី​អាមេរិក លោកដូណាល់ត្រាំ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានជូនពរដល់អ្នកស្នងតំណែង របស់លោក គឺលោក Joe Biden អោយមានសំណាងល្អ នៅក្នុងកិច្ចប្រជុំកំពូល នាពេលខាងមុខ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន និងបានផ្ញើរភាពកក់ក្តៅ ដល់មេដឹកនាំរុស្ស៊ីផងដែរ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើង របស់លោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ថា «សូមសំណាងល្អចំពោះលោក Joe Biden ក្នុងកិច្ចពិភាក្សា ជាមួយប្រធានាធិបតីពូទីន។ កុំដេកលក់ក្នុងពេលប្រជុំ ហើយប្រាប់គាត់ អំពីការគោរព ដ៏កក់ក្តៅពីខ្ញុំផង»។

អតីតមេបញ្ជាការអាមេរិករូបនេះ ក៏បានចែករំលែកបទពិសោធន៍វិជ្ជមាន របស់លោក ជាមួយប្រធានាធិបតីរុស្ស៊ី ក្នុងអំឡុងកិច្ចប្រជុំកំពូល នៅទីក្រុង Helsinki ផងដែរ។

លោកថា «ក្នុងនាមជាប្រធានាធិបតី ខ្ញុំមានការប្រជុំដ៏អស្ចារ្យ និងប្រកបដោយផ្លែផ្កាមួយ នៅទីក្រុង Helsinki ប្រទេសហ្វាំងឡង់ ជាមួយប្រធានាធិបតីពូទីនរបស់ប្រទេសរុស្ស៊ី។ បើទោះបីជា មានការបង្ហាញព័ត៌មានក្លែងក្លាយ នៃកិច្ចប្រជុំ ក៏ដោយសហរដ្ឋអាមេរិក បានឈ្នះច្រើន រួមទាំងការគោរព របស់ប្រធានាធិបតីពូទីន និងរុស្ស៊ី»៕

ប្រែសម្រួលៈ ណៃ តុលា

To Top