បរទេស៖ សមាជិកសភានៃប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ កំពុងតែជំរុញឲ្យធ្វើការកំណែទម្រង់អំណាចច្បាប់របស់យោធា ក្រោយទាហានស្រីមួយរូប ដែលរងការរំលោភបំពានផ្លូវភេទ បានធ្វើអត្តឃាត បង្កឲ្យមានការរិះគន់សារជាថ្មី ចំពោះការគ្រប់គ្រងរបស់យោធាលើឧក្រិដ្ឋកម្មផ្លូវភេទ។
ទាហានកងទ័ពអាកាសមួយរូប ដែលគេស្គាល់នាមត្រកូលនាងថា Lee បានធ្វើអត្តឃាតកាលពីខែមុន ក្រោយត្រូវអ្នករួមការងារជាមួយគ្នាធ្វើបាប ហើយក្រុមគ្រួសាររបស់នាងបាននិយាយថា នាងបានរាយការណ៍ពីរឿងនោះ និងស្វះស្វែងសុំជំនួយ ប៉ុន្តែកងទ័ពអាកាសបានត្រឹមតែព្យាយាមលាក់បាំង និងគម្រាមមិនឲ្យនាងនិយាយ។
មេបញ្ជាការកងទ័ពអាកាស លោក Lee Seong-yong បានលាឈប់ពីតំណែងកាលពីសប្ដាហ៍មុន ជាការទទួលខុសត្រូវចំពោះការស្លាប់របស់នាង ហើយកងកម្លាំងទ័ពអាកាសនិងក្រសួងការពារជាតិ បានបដិសេធសុំមិនធ្វើសេចក្តីអត្ថាធិប្បាយ ដោយលើកឡើងថាការស៊ើបអង្កេតកំពុងប្រព្រឹត្តទៅ ស្របពេលដែលសហសេវិករបស់នាង ប្រឈមមុខការកាត់ទោសនៅតុលាការយោធា។
គួរបញ្ជាក់ថា យោធានៃប្រទេសកូរ៉េខាងត្បូង ត្រូវបានគេចោទប្រកាន់ពីបទទន់ភ្លន់ហួស ចំពោះបុគ្គលដែលប្រព្រឹត្តខុស ហើយជាញឹកញាប់បរាជ័យក្នុងការការពារជនរងគ្រោះ បើទោះជាមានហេតុការណ៍ជាបន្តបន្ទាប់ ដែលបាននាំឲ្យមានច្បាប់តឹងរឹង និងការពិន័យកាន់តែធ្ងន់ធ្ងរឡើង ចំពោះការរំលោភបំពានផ្លូវភេទ៕
ប្រែសម្រួល៖ប៉ាង កុង