បរទេស ៖ មន្ត្រីជាន់ខ្ពស់រដ្ឋបាល របស់លោកប្រធានាធិបតី ប៊ីដិន ធ្លាប់បានបញ្ជាក់ថា នៅពេលទាហានអាមេរិក ចាកចេញពីប្រទេស អាហ្វហ្គានីស្ថាន ការគាំទ្រតាមអាកាស នឹងត្រូវលុបចោលផងដែរ លើកលែងតែការវាយប្រហារ តាមដែនអាកាសប្រឆាំង នឹងក្រុមភេរវករ ដែលបង្កការគំរាមកំហែង ដល់ផលប្រយោជន៍អាមេរិក។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មាន New York Times បានរាយការណ៍នៅថ្ងៃពុធ ដោយដកស្រង់សម្តីមន្រ្តីជាន់ខ្ពស់ថា មន្ទីរប៉ង់តាហ្គោន សហរដ្ឋអាមេរិក កំពុងពិចារណាស្នើសុំការអនុញ្ញាត សម្រាប់ការវាយប្រហារតាមអាកាស ដើម្បីគាំទ្រដល់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ប្រសិនបើក្រុមសកម្ម ប្រយុទ្ធតាលីបង់ គំរាមដណ្តើមកាន់កាប់ទីក្រុងកាប៊ុល របស់អាហ្វហ្គានីស្ថាន ឬក៏ទីក្រុងផ្សេងទៀតរបស់ប្រទេសនេះ ។
យោងតាមរបាយការណ៍ អាជ្ញាធរយោធាកំពុងពិភាក្សាគ្នា យ៉ាងសកម្មអំពីរបៀប ដែលពួកគេនឹង ឆ្លើយតបប្រសិន បើការដកខ្លួនចេញរបស់កងទ័ពអាមេរិក មានផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខជាតិ ។ ក្រុមមន្រ្តីបាននិយាយថា មិនទាន់មានការសម្រេចចិត្តណាមួយ ត្រូវបានធ្វើឡើងនៅឡើយទេ៕
ប្រែសម្រួលៈ ណៃ តុលា