បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់ប្រទេសថៃឡង់ដ៏ បានលើកឡើងថា ប្រទេសថៃឡង់ដ៏ បានចុះហត្ថលេខាលើការបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ចំនួន២០លានដូស ដែលបានផលិតឡើងដោយក្រុមហ៊ុន Pfizer and BioNTech ដែលនឹងនាំមកនៅមុនចុងឆ្នាំនេះ ។
លោក Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រាងគ្នាលម្អិត ពេលវេលានៃការដឹកជញ្ជូន និងការអនុម័តវ៉ាក់សាំង ដោយក្រសួងចំណីអាហារ និងឳសថ នឹងធ្វើឡើងនៅក្នុងរយៈពេល១ខែ ។
លោក Anutin បានលើកឡើងថា ប្រទេសថៃឡង់ដ៏ ក៏មានផែនការនឹងទិញវ៉ាក់សាំង Johnson & Johnson ចំនួន៥លានដូស ដែលចាក់តែមួយកម្រិតនៅក្នុងឆ្នាំនេះផងដែរ ។
ប្រទេសថៃឡង់ដ៏ កំពុងប្រជែង ដើម្បីទទួលបានវ៉ាក់សាំងសម្រាប់យុទ្ធនាការចាក់ថ្នាំបង្ការរោគដ៏ធំរបស់ខ្លួនដែលបានចាប់ផ្តើមកាលពីថ្ងៃច័ន្ទ គឺពីរខែបន្ទាប់ពីប្រទេសនេះត្រូវបានរងការវាយប្រហារដោយការឆ្លងមេរោគដ៏ធំបំផុតរបស់ខ្លួនរហូតមកដល់ពេលនេះដែលមានវីរុសក្លាយពូជចម្លងច្រើន ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា