បរទេស៖ សហរដ្ឋអាមេរិក បានព្រមានប្រទេសវេណេស៊ុយអេឡាថា នាវាយោធាអ៊ីរ៉ង់ពីរគ្រឿង ដែលកំពុងតែធ្វើដំណើរ ទៅកាន់ប្រទេសវេណេស៊ុយអេឡា អាចនឹងមានដឹកអាវុធ បំណងបញ្ជូនទៅទីក្រុងការ៉ាកាស ក្រោយពេលជាងមួយសប្ដាហ៍ បន្ទាប់ពីនាវាទ័ពជើងទឹកអ៊ីរ៉ង់មួយគ្រឿងផ្សេងទៀត បានលិចកាលពីថ្ងៃទី០១ ខែមិថុនា។
មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក បៃដិន មួយរូប បាននិយាយប្រាប់កាសែត Politico ថា នាវាទាំងពីរគ្រឿងនោះ ត្រូវបានគេគិតថា មានដឹកអាវុធ ដើម្បីបំពេញតាមកិច្ចព្រមព្រៀងអាវុធមួយ ដែលប្រទេសអ៊ីរ៉ង់និងវេណេស៊ុយអេឡា បានធ្វើឡើងកាលពីមួយឆ្នាំមុន។
នាវាយោធាអ៊ីរ៉ង់ទាំងពីរគ្រឿងនោះ បានធ្វើដំណើរដ៏វែងឆ្ងាយកាត់តាមមហាសមុទ្រអាត្លង់ទិក ហើយរដ្ឋបាលលោក បៃដិន បានប្តេជ្ញាថា សហរដ្ឋអាមេរិកនឹងចាត់វិធានការដ៏សមស្រប ដើម្បីរារាំងនូវអ្វីដែលគេមើលឃើញថា ជាការគម្រាមកំហែងមួយ ចំពោះដៃគូនានារបស់សហរដ្ឋអាមេរិក នៅអឌ្ឍគោលខាងលិច។
តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់រសប់សហរដ្ឋអាមេរិករូបនោះ មិនបានបញ្ជាក់ឲ្យច្បាស់ ពីប្រភេទអាវធអ្វីដែលកំពុងដឹកជញ្ជននោះទេ៕
ប្រែសម្រួល៖ ប៉ាង កុង