Covid-19

រដ្ឋមន្ដ្រីសុខាភិបាល ក្រើនរំលឹកអាជ្ញាធររាជធានី-ខេត្ត ត្រូវពង្រឹងត្រួតពិនិត្យសុខភាព អ្នកដំណើរចូលមកកម្ពុជា

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់អភិបាលរាជធានី-ខេត្ត ត្រូវ ពង្រឹងការត្រួតពិនិត្យសុខភាព អ្នកដំណើរចូលមកកម្ពុជា ដោយធ្វើតេស្តអង់ទីហ្សែនរហ័ស ឱ្យបានម៉ឺងម៉ាត់។

យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា «ដើម្បីពង្រឹងការត្រួតពិនិត្យសុខភាព អ្នកដំណើរចូលមកកម្ពុជា តាមច្រកព្រំដែនទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ត្រូវធ្វើតែស្តអង់ទីហ្សែនរហ័ស ឱ្យបានម៉ឺងម៉ាត់។ អ្នកជំងឺដែលមាន វិជ្ជមានកូវីដ-១៩ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ចំណែកអ្នកដំណើរផ្សេងទៀត ដែលរួមដំណើរជាមួយអ្នកវិជ្ជមានកូវីដ-១៩ ត្រូវបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ»។

លោករដ្ឋមន្ដ្រី ក៏បានណែនាំដល់អភិបាលខេត្ត នៅតាមព្រំដែនថៃ និងវៀតណាម ត្រូវប្រជុំជាមួយសមភាគីថៃ ឬវៀតណាម ដើម្បីស្នើសុំ កិច្ចសហការក្នុងការពង្រឹង ការធ្វើតែស្តរកមេរោគកូវីដ-១៩ ជូនដល់ពលករ និងប្រជាជនទូទៅមុននឹងអនុញ្ញាតឱ្យ មកកម្ពុជាវិញ៕

To Top