បរទេស ៖ សេតវិមាន បានធ្វើការប្រកាសថា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នឹងជួបជាមួយ លោកប្រធានាធិបតី ចូ បៃដិន នៅក្នុងពាក់កណ្ដាល ខែកក្កដា នេះបើតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI ។
ដំណើរទស្សនកិច្ចនាថ្ងៃទី១៥ ខែកក្កដា គឺជាដំណើរទស្សនកិច្ចដំបូង មកកាន់សហរដ្ឋអាមេរិក របស់លោកស្រី Angela Merkel ចាប់តាំងពីលោក ចូ បៃដិន ឡើងកាន់តំណែង ជាប្រធានាធិបតី សហរដ្ឋអាមេរិកមក ហើយនៅក្នុងសេចក្តីថ្លែងការណ៍មួយ សេតវិមាន បាននិយាយថា “ដំណើរទស្សនកិច្ចនេះ នឹងធ្វើការបញ្ជាក់ ពីចំណងមិត្តភាព ទ្វេភាគីដ៏ជ្រាលជ្រៅ រវាងសហរដ្ឋអាមេរិក និងប្រទេសអាល្លឺម៉ង់” ។
លេខាធិការព័ត៌មាន របស់សេតវិមាន លោក Jen Psaki បាននិយាយថា មេដឹកនាំទាំងពីរ នឹងពិភាក្សាគ្នាអំពីការប្តេជ្ញាចំពោះសហប្រតិបត្តិការដ៏ជិតស្និទ្ធ លើភាពលំបាករួមគ្នា ដែលមានទាំងការបញ្ចប់ ការរាតត្បាតឆ្លង នៃជម្ងឺកូវីដ១៩ ការដោះស្រាយការគម្រាមកំហែង បម្រែបម្រួលអាកាសធាតុ និងការលើកកម្ពស់ភាព រីកចម្រើនផ្នែកសេដ្ឋកិច្ច និងសន្តិសុខអន្តរជាតិ ផ្អែកលើគុណតម្លៃលទ្ធិប្រជាធិបតេយ្យរួមគ្នា។
គួរបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ មានការខ្វែងគំនិតគ្នា ដ៏គួរឲ្យកត់សម្គាល់ ជុំវិញបញ្ហាឥទ្ធិពលចិន និងរុស្ស៊ី ក៏ដូចជារឿងបច្ចេកវិទ្យាថ្នាំវ៉ាក់សាំង កូវីដ១៩ផងដែរ ៕
ប្រែសម្រួល៖ប៉ាង កុង