បរទេស ៖ ការដកចេញនូវការរឹតត្បិតរបស់ សហរដ្ឋអាមេរិកលើប្រព័ន្ធមីស៊ីល គឺអាចអនុញ្ញាត ឱ្យប្រទេសកូរ៉េខាងត្បូង អភិវឌ្ឍបច្ចេកវិទ្យា ដែលជួយបង្កើនការរាំងស្ទះ ផ្នែកយោធាក្នុងតំបន់របស់ខ្លួន ដែលនេះវាអាចបង្កើន ភាពតានតឹង ជាមួយប្រទេសជិតខាង ខណៈដែលប្រទេស នៅអាស៊ីខាងកើតទទួលបានស្វ័យភាព អាវុធ មិនមែននុយក្លេអ៊ែរ ពេញលេញ បន្ទាប់ពីការតស៊ូមតិជាច្រើនឆ្នាំ ។ នេះបើយោងតាមកាសែត Wall Street Journal ចេញផ្សាយដោយ ដកស្រង់សំដីអ្នកជំនាញ ។
កាលពីចុងខែមុនរដ្ឋបាល របស់លោក Biden បានដកការរឹតត្បិតចុងក្រោយលើកម្មវិធីមីស៊ីល របស់រដ្ឋាភិបាលទីក្រុងសេអ៊ូល ដោយដកដែនកំណត់ចម្ងាយ ៨០០ គីឡូម៉ែត្រលើ ដែន កំណត់មីស៊ីលផ្លោង របស់ប្រទេសនេះ ហើយបើយោង តាមអ្នកជំនាញ វាគឺជាការផ្លាស់ប្តូរ ដ៏សំខាន់មួយនៅក្នុងគោល នយោបាយព្រោះថា មីស៊ីល របស់កូរ៉េខាងត្បូងឥឡូវនេះ អាចបាញ់បានឆ្ងាយល្មម ដើម្បីវាយប្រហារទីក្រុងប៉េកាំង មូស្គូ និងកន្លែងផ្សេងទៀត។
ក្រុមអ្នកវិភាគខាងសន្តិសុខ បានប្រាប់កាសែតនោះថា សម្ព័ន្ធមិត្ត ដែលមានអាវុធល្អ ៗ នឹងជួយទីក្រុងវ៉ាស៊ីនតោន ជាពិសេសនៅពេលមានភាពតានតឹង កាន់តែខ្លាំងឡើងជាមួយ ទីក្រុងប៉េកាំង ជុំវិញកោះតៃវ៉ាន់ និង សមុទ្រចិន ខាងត្បូង ហើយនឹងបង្កើនជំហរឲ្យ ប្រទេសចិនចូលរួមក្នុងវិស័យ ការទូតកូរ៉េខាងជើង ៕
ប្រែសម្រួលៈ ណៃ តុលា