ព័ត៌មានអន្តរជាតិ

ភ្នំភ្លើង Mount Merapi នៅឥណ្ឌូនេស៊ី ផ្ទុះ០៣ដងព្រួសផ្កាភ្លើងភាយចំហាយក្តៅទៅលើមេឃចម្ងាយ១,៦គីឡូម៉ែត្រ

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាគ្រោះមហន្តរាយភូមិសាស្ត្រ និងអភិវឌ្ឍន៍ បានឲ្យដឹងថា ភ្នំភ្លើង Mount Merapi របស់ប្រទេសឥណ្ឌូនេស៊ី ដែលមានទីតាំងចន្លោះខេត្ត Yogyakarta និង Central Java បានផ្ទុះឡើងចំនួន០៣ដងនៅថ្ងៃចន្ទនេះ ដែលបានព្រួសផ្កាភ្លើងភាយចំហាយក្តៅទៅលើមេឃចម្ងាយ១,៦គីឡូម៉ែត្រ ។

ការផ្ទុះលើកដំបូង នៅម៉ោង២និង៤៤នាទីព្រឹក ម៉ោងក្នុងស្រុក ដែលមានកម្ពស់១,៦គីឡូម៉ែត្រ ទៅភាគនីរតីរយៈពេល៩០នាទី ហើយការផ្ទុះឡើងជាលើកទី២ បានកើតឡើងនៅវេលាម៉ោង១និង០៣នាទីល្ងាចដែលមានកម្ពស់១គីឡូម៉ែត្រ ទៅភាគអាគ្នេយ៏ ដែលមានរយៈពេល៧៨នាទី និងទី៣ ផ្ទុះឡើងនៅវេលាម៉ោង១និង១១នាទីយប់ មានកម្ពស់ដល់១,៣គីឡូម៉ែត្រនៅក្នុងទិសដៅដូចគ្នា ដែលមានរយៈពេល៩៩នាទី ។

ភ្នំភ្លើង Merapi ជាភ្នំភ្លើងដែលមានសកម្មភាពខ្លាំងបំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមានកម្ពស់២.៩៦៨ម៉ែត្រលើកម្រិតទឹកសមុទ្រ ។ ភ្នំភ្លើងបច្ចុប្បន្ន មានកម្រិតគ្រោះថ្នាក់ស្ថិតក្នុងកម្រិតទី៣ ។

មជ្ឈមណ្ឌល បានស្នើដល់ពលរដ្ឋមិនឲ្យនៅជិតតំបន់ដែលមានគ្រោះមហន្តរាយ ដែលឬសនៃភ្នំភ្លើងមានចម្ងាយ៥គីឡូម៉ែត្រពីកំពូលនៃភ្នំភ្លើង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top