ព័ត៌មានអន្តរជាតិ

NATO ព្រមានអំពីការគំរាមកំហែង ខាងយោធាពី សំណាក់ប្រទេសចិន

ប្រ៊ុចស៊ែល ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ថា បណ្តាមេដឹកនាំ អង្គការ NATO ដែលចូលរួមកិច្ចប្រជុំកំពូល នៅទីក្រុងប្រ៊ុចស៊ែល បាននព្រមានពីការគំរាមកំហែង ខាងយោធាដែលបង្កឡើង ដោយប្រទេសចិន ដោយបានថ្លែងថា ឥរិយាបទរបស់ចិន គឺជា “បញ្ហាប្រឈមជាប្រព័ន្ធ” ។

ពួកគេបានបានលើកឡើងថា ប្រទេសចិន កំពុងពង្រីកឃ្លាំងអាវុធ នុយក្លេអ៊ែរយ៉ាងឆាប់រហ័សគឺ “ស្រអាប់” អំពីការធ្វើទំនើប កម្មយោធារបស់ខ្លួន និងកំពុងធ្វើប្រតិបត្តិការយោធា ជាមួយប្រទេសរុស្ស៊ី ។

ប្រមុខណាតូលោក Jens Stoltenberg បានព្រមានថា ប្រទេសចិន កំពុងខិតកាន់តែជិតនឹង NATO ក្នុងន័យផ្នែកយោធា និងបច្ចេកវិទ្យា ។

ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា សម្ព័ន្ធមិត្តមិនចង់មានសង្គ្រាម ត្រជាក់ថ្មីជាមួយចិននោះទេ ។

គួរបញ្ជាក់ថា NATO គឺជាសម្ព័ន្ធមិត្តនយោបាយ និងយោធាដ៏មានឥទ្ធិពលរវាងប្រទេសចំនួន ៣០នៅអឺរ៉ុប និង អាមេរិកខាងជើង ។ អង្គការនេះត្រូវបានបង្កើតឡើង បន្ទាប់ពីសង្គ្រាមលោកលើកទី២ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង នៃការពង្រីកកុម្មុយនិស្ត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top