ព័ត៌មានអន្តរជាតិ

កិច្ចព្រមព្រៀង យោធាអាមេរិក និងហ្វីលីពីនបន្តរយៈពេល ៦ខែ ថែមទៀត

" "

បរទេស៖កិច្ចព្រមព្រៀងកងកម្លាំងទស្សនកិច្ច ដែលរក្សាកងទ័ពសហរដ្ឋអាមេរិក នៅក្នុងប្រទេសហ្វីលីពីន នៅថ្ងៃចន្ទសប្ដាហ៍នេះ ត្រូវបានបន្តរយៈពេលចំនួន៦ខែថែមទៀត នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។

ប្រធានាធិបតីហ្វីលីបីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ បានប្រកាសផែនការលុបចោលកិច្ចព្រមព្រៀងនោះ កាលពីខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែដំណើរការនៃការលុបចោល ត្រូវបានជាប់គាំងដោយសារតែការរាតត្បាតនៃជម្ងឺកូវីដ១៩ និងការគម្រាមកំហែងដ៏ខ្លាំងក្លាថ្មីពីប្រទេសចិន នៅដែនសមុទ្រចិនខាងត្បូង។

" "

គួរបញ្ជាក់ថា កិច្ចព្រមព្រៀង VFA ដែលត្រូវដល់ពេលផុតកំណត់នៅក្នុងខែសីហា ឆ្នាំ២០២១នេះ គឺជាទម្រង់ស្របច្បាប់ សម្រាប់វត្តមានរបស់កងទ័ព អាមេរិកនៅក្នុងប្រទេសហ្វីលីពីន ក៏ដូចជាសម្រាប់សហសមយុទ្ធយោធា រវាងប្រទេសទាំងពីរ និងការធ្វើដំណើរ របស់នាវាចម្បាំងអាមេរិក មកកាន់កំពង់ផែហ្វីលីពីន។

" "

ការបន្តបន្ថែមនេះ គឺត្រូវបានធ្វើឡើង ក្រោយលោក Jose Manuel Romualdez ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅហ្វីលីពីន បានមានប្រសាសន៍ថា មន្ត្រីរបស់ប្រទេសទាំងពីរ បានធ្វើការងារធ្វើឲ្យកាន់តែប្រសើរឡើង នូវកិច្ចព្រមព្រៀង VFA នោះ និងក្រោយប៉ុន្មានថ្ងៃបន្ទាប់ ពីថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួន២,២លានដូស បានបញ្ជូនពីសហរដ្ឋអាមេរិក មកដល់ប្រទេសហ្វីលីពីន៕ប្រែសម្រួល៖ប៉ាង កុង

To Top