បរទេស៖ ជំនួយការវិមានក្រឹមឡាំងមួយរូប បាននិយាយប្រាប់ថា ជំនួបគ្នាមួយរវាងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅក្នុងទីក្រុងហ្សឺណែវ នាថ្ងៃពុធសប្ដាហ៍នេះ ទំនងជាមិនបង្កើតឲ្យមាន កិច្ចព្រមព្រៀងជាក់លាក់នោះទេ ប៉ុន្តែកិច្ចពិភាក្សាគ្នានោះ នឹងនៅតែមានប្រយោជន៍។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា មេដឹកនាំនៃប្រទេសទាំងពីរ នឹងជួបគ្នាសម្រាប់ជាលើកដំបូង ចាប់តាំងពីលោក បៃដិន បានឡើងកាន់តំណែងជា ប្រធានាធិបតីសហរដ្ឋអាមេរិកមួយ ស្របពេលដែលចំណងមិត្តភាពទ្វេភាគី ស្ថិតនៅក្នុងចំណុចទាបបំផុត ក្នុងពេលជាច្រើនឆ្នាំមកនេះ។

ទីប្រឹក្សាគោលនយោបាយបរទេសរបស់លោក ពូទីន គឺលោក Yuri Ushakov បាននិយាយប្រាប់អ្នកសារព័ត៌មានថា ក្រៅពីសេចក្តីថ្លែងការណ៍រួមគ្នាចុងក្រោយ របៀបវារៈត្រូវវបានបញ្ជាក់នៅក្នុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទរបស់លោក ជាមួយនឹងទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan កាលពីថ្ងៃចន្ទ។
ជំនួយការវិមានក្រឹមឡាំងរូបនេះ បាននិយាយថា ស្ថិរភាពនុយក្លេអ៊ែ បញ្ហាបម្រែបម្រួលអាកាសធាតុ បញ្ហាសន្តិសុខអ៊ីនធឺណេត និងវាសនារបស់ជនជាតិអាមេរិក និងរុស្ស៊ី ដែលកំពុងជាប់ពន្ធនាគារ ក្នុងប្រទេសទាំងពីរ នឹងមានវត្តមានលើរបៀបវារៈ។
នៅក្នុងសេចក្តីអត្ថាធិប្បាយ លោក Ushakov បាននិយាយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “ខ្ញុំមិនប្រាកដថា កិច្ចព្រមព្រៀងណាមួយ ត្រូវបានសម្រេចនោះទេ។ ខ្ញុំសម្លឹងមើលកិច្ចប្រជុំនេះ ជាមួយសុទិដ្ឋិនិយមជាក់ស្តែង” ៕
ប្រែសម្រួល៖ ប៉ាង កុង
