ព័ត៌មានអន្តរជាតិ

អង់គ្លេស និងអូស្ត្រាលី ប្រកាសកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី

បរទេស៖ ប្រទេសអង់គ្លេសនិងប្រទេសអូស្ត្រាលី នៅថ្ងៃអង្គារនេះ បានប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ ដែលរដ្ឋាភិបាលអង់គ្លេស បានកោតសរសើរថា ជាការបោះជំហានដ៏សំខាន់មួយ ក្នុងការកសាងចំណងមិត្តភាពជំនួញថ្មី ក្រោយខ្លួនចាកចេញពីសហភាពអឺរ៉ុប។

អង់គ្លេសបាននិយាយថា រថយន្ត ស្រាវីស្គីស្កុតឡែន និងចំណីសត្វ នឹងមានតម្លៃកាន់តែថោកជាងមុន ដើម្បីយកទៅលក់ក្នុងប្រទេសអូស្ត្រាលី ដោយសារតែកិច្ចព្រមព្រៀងនេះ បានដកចោលនូវពន្ធគយ និងកាត់បន្ថយច្បាប់រឹតបន្តឹង ចំណែកអូស្ត្រាលីវិញ បាននិយាយថា វាជាជ័យជំនះដ៏អស្ចារ្យសម្រាប់ វិស័យកសិកម្មរបស់អូស្ត្រាលី។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បានកន្លងផុតពីចំណុចជាប់គាំង នៅក្នុងអំឡុងកិច្ចពិភាក្សាគ្នា ក្រោយក្រុមប្រទេស G7 បានជួបប្រជុំគ្នានៅក្នុងប្រទេសអង់គ្លេស កាលពីចុងសប្ដាហ៍កន្លងទៅ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដំបូង ដែលប្រទេសអង់គ្លេសបានចរចាតាំងពីដំបូង ចាប់តាំងពីចាកចេញពីសហភាពអឺរ៉ុប កាលពីឆ្នាំមិញនេះ។ រដ្ឋាភិបាលអង់គ្លេសមើលឃើញវាថា ជាចំណែកដ៏សំខាន់មួយនៃយុទ្ធសាស្ត្រ ក្រោយចាកចេញពីសហភាពអឺរ៉ុប ដើម្បីផ្លាស់ប្តូរមជ្ឈមណ្ឌលសេដ្ឋកិច្ចអង់គ្លេស ចេញឲ្យឆ្ងាយពីអឺរ៉ុប និងស្វែងរកឱកាសថ្មីៗ នៅក្នុងបណ្ដាប្រទេស នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលរីកចម្រើនខ្លាំង៕

ប្រែសម្រួល៖ ប៉ាង កុង

To Top