ព័ត៌មានអន្តរជាតិ

យន្ដហោះចម្បាំងចិនជិត ៣០គ្រឿង រំលោភចូលតំបន់កំណត់ដែនអាកាសតៃវ៉ាន់

តៃប៉ិ៖ ក្រសួងការពារជាតិកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ បានឲ្យដឹងថា យន្តហោះកងទ័ពអាកាសចិនចំនួន ២៨ គ្រឿងក្នុងនោះក៏មានយន្ដហោះប្រយុទ្ធផងដែរនោះ បានចូលតំបន់ការពារដែនអាកាសរបស់កោះតៃវ៉ាន់ កាលពីថ្ងៃអង្គារ នៅក្នុងការលុកលុយតាមអាកាសរបស់ប្រទេសចិន។

សកម្មភាពរបស់ចិន ត្រូវបានគេមើលឃើញថាទំនងជាការឆ្លើយតបទៅនឹងក្រុមមេដឹកនាំនៃក្រុមទាំង ៧ (G7) ដែលបានអំពាវនាវឱ្យមានសន្តិភាពនិងស្ថិរភាពឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលពួកគេបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។

យោងតាមក្រសួងបានឱ្យដឹងថា យន្តហោះកងទ័ពអាកាសចិន ដែលចូលរួមក្នុងការឈ្លានពានរួមមានយន្តហោះប្រយុទ្ធ J-16 និង J-11 ក៏ដូចជាយន្តហោះល្បាតប្រឆាំងនាវាមុជទឹកសរុបទាំងអស់ ២៨គ្រឿង។

យោងតាមរបាយការណ៍របស់សារព័ត៌មាន Liberty Times Net ដែលជាកាសែតតៃវ៉ាន់បានចុះផ្សាយថា នៅពេលដែលកងទ័ពអាកាសតៃវ៉ាន់ បានប្រាប់យន្តហោះកងទ័ពអាកាសចិន ឱ្យចាកចេញពីតំបន់នោះ ពួកគេបានឆ្លើយតបថា“ នេះគឺជាការហោះហើរនៅកម្រិតខ្ពស់ៗ ” ។

នៅក្នុងសេចក្តីថ្លែងការណ៍រួម G-7 ដែលត្រូវបានចេញបន្ទាប់ពីកិច្ចប្រជុំកំពូលរយៈពេល ៣ ថ្ងៃនៅប្រទេសអង់គ្លេស មេដឹកនាំអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក រួមទាំងសហភាពអឺរ៉ុប បានឲ្យដឹងថា“ យើងគូសបញ្ជាក់សារៈសំខាន់នៃសន្តិភាព និងស្ថិរភាពឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់និងលើកទឹកចិត្តឱ្យមានដំណោះស្រាយដោយសន្តិវិធីនៃបញ្ហាឆ្លងកាត់ច្រកសមុទ្រ។

នេះជាលើកទីមួយហើយដែល G-7 បាននិយាយពីស្ថានភាពកោះតៃវ៉ាន់ នៅក្នុងសេចក្តីថ្លែងការណ៍របស់មេដឹកនាំទាំងអស់នៅក្នុងកិច្ចប្រជុំកំពូល។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian កាលពីថ្ងៃអង្គារបានស្តីបន្ទោស G-7 ពីបទ“ និយាយបង្កាច់បង្ខូច” ដោយចេតនាទៅលើប្រទេសចិន លើបញ្ហាដែលទាក់ទងនឹងកោះតៃវ៉ាន់ហុងកុង និងស៊ីនជាំង និង“ ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន” ។

លោកក៏បាននិយាយផងដែរថា ប្រទេសចិន បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខរបស់ខ្លួន។

លោកបន្ដអះអាងដា កោះតៃវ៉ាន់ និងចិនដីគោកត្រូវបានគ្រប់គ្រងដាច់ដោយឡែកពីគ្នាចាប់តាំងពីពួកគេបានបំបែកគ្នានៅឆ្នាំ ១៩៤៩ ដោយសារសង្គ្រាមស៊ីវិល។ ទំនាក់ទំនងរបស់ពួកគេ បានអន់ថយទៅ ៗ ក្រោមភាពឯករាជ្យដែលពឹងផ្អែកលើលោកស្រី Tsai Ing-wen ដែលបានធ្វើជាប្រធានាធិបតីតៃវ៉ាន់ តាំងពីឆ្នាំ២០១៦៕

ដោយ ឈូក បូរ៉ា

To Top