បរទេស៖ ក្រសួងសុខាភិបាលសាធារណៈប្រទេសថៃ បានរាយការណ៍នៅថ្ងៃពុធនេះថា មានអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន ៤០ នាក់ទៀត និងមានករណីឆ្លងថ្មីចំនួន ២ ៣៣១ នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកឆ្លងថ្មីចំនួន ២ ៣០៥ នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញ នៅក្នុងចំណោមប្រជាជនទូទៅ និង ២៦ នាក់ រកឃើញក្នុងចំណោមអ្នកទោសពន្ធនាគារ។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ អ្នកជំងឺ Covid-19 ចំនួន ៤ ៩៤៧ នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា ជាះស្បើយ ហើយត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ។
ចាប់តាំងពីការរីករាលដាលនៃ ជំងឺរាតត្បាតបានចាប់ផ្តើមនៅដើមឆ្នាំមុន ប្រទេសថៃ មានករណីឆ្លងជំងឺ Covid-19 ចំនួន ២០៤ ៥៩៥ នាក់ ក្នុងនោះ ១៦៧ ៦៦៥ នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ។ ចំនួនអ្នកស្លាប់របស់ប្រទេសថៃក្នុងរលកវីរុសទី៣ គឺមានចំនួន ១ ៤៣១ នាក់ ហើយចាប់តាំងពីវីរុសឆ្លងរាលដាល កាលពីដើមឆ្នាំមុន អ្នកស្លាប់ដោយសារវីរុសនេះសរុបនៅថៃ កើនដល់ ១ ៥២៥ នាក់៕
ប្រែសម្រួលៈ ណៃ តុលា
