បរទេស៖ ក្រសួងសុខាភិបាលសាធារណៈប្រទេសថៃ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា មានអ្នកស្លាប់ដោយជំងឺ Covid-19 ចំនួន ៣០ នាក់ទៀត នាំឱ្យចំនួនអ្នកស្លាប់ដោយសារ វីរុសនេះសរុបកើនដល់ ១ ៥៥៥នាក់ និង បានរកឃើញករណីឆ្លងថ្មីចំនួន ៣ ១២៩ នាក់ នៅក្នុងប្រទេសក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ហើយក៏មានអ្នកជំងឺ Covid-19 ចំនួន ៤ ៦៥១ នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យ ឃើញថាបានជាសះស្បើយ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកឆ្លងថ្មីទាំងនោះ រួមមាន ប្រជាជនទូទៅចំនួន ២ ៦៧២ នាក់ និង ៤៥៧ នាក់ រកឃើញក្នុងចំណោម អ្នកទោសក្នុងពន្ធនាគារ។

ចាប់តាំងពីថ្ងៃទី ១ ខែមេសានៅពេលរលកទី ៣ នៃ Covid-19 បានចាប់ផ្តើម មានអ្នកឆ្លងជំងឺ ១៧៨ ៨៦១ នាក់ និងមានអ្នកជាសះស្បើយចំនួន ១៤៤ ៨៩០ នាក់។ ចាប់តាំងពីជំងឺរាតត្បាត បានចាប់ផ្តើមនៅដើមឆ្នាំមុន មានករណី Covid-19 ចំនួន ២០៧ ៧២៤ នាក់ ក្នុងចំណោមនោះ គឺ ១៧២.៣១៦ នាក់ បានជាសះស្បើយឡើងវិញ ៕
ប្រែសម្រួលៈ ណៃ តុលា
