ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីជាប់ឆ្នោតអ៊ីរ៉ង់៖ អាទិភាពអឺរ៉ុប គឺធ្វើឲ្យប្រសើរ ឡើងនូវចំណងមិត្តភាពជាមួយ ប្រទេសជិតខាងក្នុងតំបន់

បរទេស៖ ប្រធានាធិបតីជាប់ឆ្នោតអ៊ីរ៉ង់ លោក Ebrahim Raisi បាននិយាយនៅថ្ងៃចន្ទនេះថា អាទិភាពគោលនយោបាយបរទេសរបស់ប្រទេសអ៊ីរ៉ង់ នឹងធ្វើឲ្យប្រសើរឡើងនូវចំណងមិត្តភាព ជាមួយប្រទេសជិតខាងនៅតំបន់ឈូងសមុទ្រអារ៉ាប់ ស្របពេលអំពាវនាវឲ្យសត្រូវក្នុងតំបន់ គឺប្រទេសអារ៉ាប៊ីសាអូឌីតបញ្ឈប់កិច្ចអន្តរាគន៍ក្នុងប្រទេសយេម៉ែនភ្លាម។

លោក Ebrahim Raisi មានវ័យ៦០ឆ្នាំ នឹងឡើងកាន់តំណែងបន្តពីលោកប្រធានាធិបតី ហាស្សាន រ៉ូហានី នៅក្នុងខែសីហាខាងមុខនេះ ស្របពេលដែលអ៊ីរ៉ង់ស្វះស្វែងធ្វើការដោះស្រាយកិច្ចព្រមព្រៀងនុយក្លេអ៊ែ និងបំបាត់នូវទណ្ឌកម្មសហរដ្ឋអាមេរិក ដែលធ្វើឲ្យសេដ្ឋកិច្ចអ៊ីរ៉ង់ធ្លាក់ចុះជាខ្លាំង។

តាមសេចក្តីរាយការណ៍ លោក Ebrahim Raisi បានមានប្រសាសន៍ថា គោលនយោបាយបរទេសអ៊ីរ៉ង់ នឹងមិនត្រូវធ្វើឲ្យមានកំណត់ត្រឹមកិច្ចព្រមព្រៀងនុយក្លេអ៊ែទេ ហើយលោកបន្តដូច្នេះថា “អ៊ីរ៉ង់ចង់ធ្វើអន្តរទំនាក់ទំនងជាមួយពិភពលោក គឺអាទិភាពនៃរដ្ឋាភិបាលរបស់ខ្ញុំ នឹងធ្វើឲ្យចំណងមិត្តភាពប្រសើរឡើង ជាមួយប្រទេសជិតខាងក្នុងតំបន់របស់យើង”។

ប៉ុន្តែលោកបានអំពាវនាវឲ្យប្រទេសអារ៉ាប៊ីសាអូឌីតនិងសម្ពន្ធមិត្តរបស់ប្រទេសនេះថា គួរតែឈប់ធ្វើការជ្រៀតជ្រែកក្នុងប្រទេសយេម៉ែនភ្លាម។ កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានធ្វើអន្តរាគមន៍ក្នុងសង្គ្រាមយេម៉ែន នៅក្នុងឆ្នាំ២០១៥ បន្ទាប់ពីកងកម្លាំងពួកហូធីដែលមានសម្ពន្ធភាពជាមួយអ៊ីរ៉ង់ បានផ្តួលរំលំរដ្ឋាភិបាលនៃរដ្ឋធានីសាណាអា៕

ប្រែសម្រួល៖ប៉ាង កុង

To Top