ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង មានអ្នកឆ្លងវីរុសកូរ៉ូណា ក្លាយពូជប្រភពពីឥណ្ឌាថ្មី ចំនួន២៦១នាក់ នាំឲ្យអ្នកឆ្លងសរុបកើន លើសពី២,២ពាន់នាក់

សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរសុខាភិបាល បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា មានករណីបន្ថែមទៀត ចំនួន២៦១នាក់ ដែលជាករណីឆ្លងវីរុសក្លាយ ពូជសម្រាប់ សប្តាហ៍មុន ដែលនាំឲ្យចំនួនអ្នកឆ្លង សរុបកើនឡើងដល់២.២២៥នាក់ ។

ទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការោគរបស់ប្រទេសកូរ៉េ ហៅកាត់ថា (KDCA) បានឲ្យដឹងថា ក្នុងចំណោម ករណីថ្មី គិតចាប់តាំងពីថ្ងៃទី១៣ ខែមិថុនា ហើយចំនួន៣៤នាក់គឺ ជាអ្នកនាំចូលពីបរទេស ទន្ទឹមនឹងនេះដែរ ២២៧នាក់ ជាអ្នកឆ្លងជំងឺក្នុងស្រុក ។

ចំនួនអ្នកឆ្លងក្នុងស្រុកគឺខ្ពស់បំផុត ដែលជាក្តីកង្វល់ពីការឆ្លងរាលដាល វីរុសក្លាយពូជ នៅក្នុងសហគមន៍ក្នុងស្រុក ។

ក្នុងចំណោមអ្នកឆ្លងថ្មី គឺ២២៣នាក់ មកពីចក្រភពអង់គ្លេស ហើយ៣៥នាក់មកពីឥណ្ឌា និង០២នាក់មកពីអាហ្វ្រិកខាងត្បូង និងម្នាក់មកពីប្រេស៊ីល ។

ក្នុងចំណោមករណីវីរុស ក្លាយពូជសរុប គឺ១.៨៨៦នាក់ ឆ្លងមកពីចក្រភពអង់គ្លេស ហើយ១៩០នាក់មកពីឥណ្ឌា ១៤២នាក់មកពីអាហ្វ្រិកខាងត្បូង និង០៧នាក់ មកពីប្រេស៊ីល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top