ព័ត៌មានអន្តរជាតិ

ប្អូនស្រីលោក គីម ជុងអ៊ុន ចំអកអាមេរិក ពីការរំពឹងទុកខុស ចំពោះសំណើសុំចរចាគ្នា

ព្យុងយ៉ាង ៖ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានលើកឡើងនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិក មានការរំពឹងទុក“ ខុស” បន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិ អាមេរិកលោក ជេក ស៊ូលីវ៉ាន់ ហៅការអត្ថាធិប្បាយរបស់លោកគីម ជុងអ៊ុន អំពីការសន្ទនា ជាមួយសហរដ្ឋអាមេរិកថា ជា“ សញ្ញាគួរឱ្យចាប់អារម្មណ៍” ។

លោកស្រី គីម យ៉ូជុង បានធ្វើការកត់សម្គាល់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថ្ងៃ បន្ទាប់ពីអ្នកតំណាងពិសេស របស់សហរដ្ឋអាមេរិក សម្រាប់កូរ៉េខាងជើងលោក ស៊ុង គីម បានលើកឡើងថា សហរដ្ឋអាមេរិកបានស្នើសុំជួប ជាមួយកូរ៉េខាងជើង នៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ដោយគ្មានលក្ខខណ្ឌជាមុន ។

លោកស្រីបានលើកឡើងថា“ ការរំពឹងទុក ដែលពួកគេជ្រើសរើសយកផ្លូវខុស នឹងធ្វើឱ្យពួកគេខកចិត្ត កាន់តែខ្លាំង វាហាក់ដូចជាសហរដ្ឋអាមេរិក អាចបកស្រាយស្ថានការណ៍ តាមរបៀប ដើម្បីស្វែងរកការលួងលោម សម្រាប់ខ្លួនឯបផ្ទាល់” ។

កាលពីសប្តាហ៍មុន មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ចប់កិច្ចប្រជុំពេញ អង្គរបស់គណបក្សពលករ ហើយបានអំពាវនាវឱ្យ ប្រទេសរបស់លោក ត្រៀមសម្រាប់ទាំងការសន្ទនាគ្នា និងការប្រឈមមុខគ្នា ជាមួយអាមេរិក។

នៅក្នុងបទសម្ភាសន៍ជា មួយសារព័ត៌មាន ABC កាលពីថ្ងៃអាទិត្យទីប្រឹក្សាសន្តិសុខជាតិ អាមេរិកលោកជេក ស៊ូលីវ៉ាន់ បានហៅការអត្ថាធិប្បាយ របស់លោកគីម ជុងអ៊ុន ថាជាសញ្ញាគួរ ឱ្យចាប់អារម្មណ៍មួយ ៕
ដោយ ឈូក បូរ៉ា

To Top