ព្រុចសែល៖ ប្រទេស បែលហ្ស៊ិក ហូល្លង់ និងលុចសំបួ បានដឹកនាំការចោទប្រកាន់ ប្រឆាំងនឹងច្បាប់ប្រឆាំង នឹងក្រុម LGBT (ក្រុមស្រឡាញ់ភេទដូចគ្នា ) របស់ប្រទេសហុងគ្រី កាលពីថ្ងៃអង្គារ នៅពេលដែលរដ្ឋមន្រ្តីកិច្ចការអឺរ៉ុប មកពីប្រទេសចំនួន ២៧ នៃសហភាពអឺរ៉ុប បានជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីនីតិរដ្ឋ។ង។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានបារាំង អាអេហ្វប៉េ (AFP)។
ជាសរុបរដ្ឋ រដ្ឋសមាជិកចំនួន ១៣ ក្នុងចំណោម ២៧ ប្រទេស បានសម្តែង ការមិនពេញចិត្ត ចំពោះច្បាប់របស់ប្រទេសហុងគ្រី។
កាលពីសប្តាហ៍មុន សភាប្រទេសហុងគ្រី បានអនុម័តច្បាប់ថ្មី ដែលដាក់ចេញដោយ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Viktor Orbán ដែលហាមប្រាមការបង្ហាញ ពីការស្រឡាញ់ភេទដូចគ្នា និងការផ្តល់ភេទឡើងវិញ នៅក្នុងសម្ភារៈអប់រំសាលារៀន និងកម្មវិធីទូរទស្សន៍ ដែលបានផ្តល់ជូន ប្រជាជនអាយុក្រោម ១៨ ឆ្នាំ។
សេចក្តីព្រាងច្បាប់ ដែលត្រូវបានអនុម័តនោះ ត្រូវបានជួបជាមួយការថ្កោលទោស ជាបន្ទាន់ពីមន្ត្រីជាន់ខ្ពស់ នៃប្រទេស និងក្រុមសមាជិកសភាអ៊ឺរ៉ុប ជាច្រើនផ្សេងទៀត។
កំហឹងលើច្បាប់ហុងគ្រីត្រូ វបានពិភាក្សាដោយក្រុមប្រឹក្សាសហភាពអ៊ឺរ៉ុប នៅរសៀលថ្ងៃអង្គារនេះ និងដោយបានចេញ នៅក្នុងសេចក្តីថ្លែងការណ៍រិះគន់ ប្រឆាំងនឹងច្បាប់នេះ។
បន្ទាប់ពីការពិគ្រោះយោបល់ នៅពីក្រោយឆាក – ដាណឺម៉ាក អេស្តូនៀ ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ អៀរឡង់ លីទុយអានី អេស្ប៉ាញ ស៊ុយអែត និងឡាតវី បានគាំទ្រនៅក្នុងសេចក្តីថ្លេងការណ៍នោះដែរ។
“ច្បាប់នេះ តំណាងឱ្យទម្រង់នៃការរើសអើង ដែលមានមូលដ្ឋាន លើនិន្នាការភេទ អត្តសញ្ញាណ យេនឌ័រ និងការបញ្ចេញមតិ ដូច្នេះសមនឹងទទួលការថ្កោលទោស។ នេះបើតាមសេចក្តីថ្លែងការណ៍ ដដែលនោះ។
ដោយបានអនុម័ត ក្នុងឆ្នាំ ២០០០ ធម្មនុញ្ញនៃសិទ្ធិជាមូលដ្ឋាន របស់សហភាពអ៊ឺរ៉ុប សព្វថ្ងៃ គឺជាប្រភពចំបង នៃច្បាប់របស់សហភាពអ៊ឺរ៉ុប ដែលមានកម្រិតដូចគ្នា នឹងសន្ធិសញ្ញាសហភាពអឺរ៉ុបដែរ។ មាត្រា ២១ នៃធម្មនុញ្ញ ហាមឃាត់ រាល់ការរើសអើង គ្រប់ប្រភេទ រាប់បញ្ចូលទាំងមូលដ្ឋាន នៃទំនោរផ្លូវភេទផងដែរ៕
ប្រែសម្រួលដោយ៖ សយសុភា