ព័ត៌មានអន្តរជាតិ

រុស្ស៊ី បាញ់ព្រមាន ជាច្រើនគ្រាប់លើនាវា ពិឃាត អង់គ្លេស ក្រោយរំលោភ ចូលដែនទឹក របស់ខ្លួន

ម៉ូស្គូ ៖ សេវាកម្មផ្សព្វផ្សាយ តាមសមុទ្ររបស់ក្រសួង ការពារជាតិរុស្ស៊ី បានរាយការណ៍ថា កងនាវាចរសមុទ្រ និងសេវាកម្មសន្តិសុខសហព័ន្ធរបស់រុស្ស៊ី បានបណ្តេញនាវាចម្បាំង អង់គ្លេសដែលបានរំលោភលើដែនទឹករបស់ប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។

នាវាពិឃាតអង់គ្លេស HMS Defender បានឆ្លងកាត់ព្រំដែន ប្រទេសរុស្ស៊ី នៅភាគ ពាយ័ព្យ នៃសមុទ្រខ្មៅ នៅម៉ោង ១១ និង ៥៥ នាទីព្រឹកម៉ោង នៅទីក្រុងមូស្គូ បន្ទាប់ពីឆ្លងកាត់ចម្ងាយ ៣ គីឡូម៉ែត្រពីព្រំដែន សមុទ្រក្នុងតំបន់ Cape Fiolent ។

សេចក្តីរាយការណ៍បានបន្ថែមទៀតថា នាវាចម្បាំងអង់គ្លេស មិនអើពើការព្រមាន ស្តីពីការប្រើប្រាស់ អាវុធ ដែលអាចកើតមានពីភាគីរុស្ស៊ី បណ្តាលឱ្យនាវាល្បាតព្រំដែន រុស្ស៊ីបាញ់កាំភ្លើង ព្រមានជាច្រើនគ្រាប់។

នៅម៉ោង ១២ និង ១៩ នាទី ពេលវេលានៅទីក្រុងមូស្គូ យន្ដហោះចម្បាំង Su-24M នៅតំបន់សមុទ្រខ្មៅ របស់រុស្ស៊ី ក៏បានទម្លាក់គ្រាប់បែកនៅ តាមបណ្តោយផ្លូវរបស់នាវាពិឃាត ដែលជាការព្រមាន មួយទៀតផងដែរ។ ក្រោយមកនាវាចម្បាំងអង់គ្លេស បានចាកចេញពីដែនទឹករុស្ស៊ីនៅម៉ោង ១២ និង ២៣ នាទី។

ក្រោយមកនៅថ្ងៃពុធ ក្រសួងការពារជាតិអង់គ្លេស ត្រូវបានគេរាយការណ៍ថា បានបដិសេធ“ ការអះអាង ” ដែលថាការព្រមានត្រូវបានបាញ់ ទៅលើនាវាកងទ័ពជើងទឹកអង់គ្លេស នៅសមុទ្រខ្មៅ ហើយខ្លួនជឿជាក់ថា ប្រទេសរុស្ស៊ីកំពុងធ្វើសមយុទ្ធបាញ់ កាំភ្លើងនៅទីនោះ៕
ដោយ ឈូក បូរ៉ា

To Top