បរទេស៖ មន្ត្រីការទូតជាន់ខ្ពស់ សហរដ្ឋអាមេរិកមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយនៅ ថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក នឹងលែងមើលឃើញកោះតៃវ៉ាន់ ជាបញ្ហាមួយក្នុងចំណោមមិត្តភាព ជាមួយប្រទេសចិន ប៉ុន្តែមើលឃើញថា ជាឱកាសមួយក្នុងការលើក កម្ពស់តំបន់ឥណ្ឌា-ប៉ាស៊ីហ្វិកឲ្យមានភាពសេរីនិងបើកចំហ។
ដូចទៅនឹងប្រទេសភាគច្រើនដែរ សហរដ្ឋអាមេរិក មិនមានចំណងមិត្តភាពការទូតផ្លូវការ ជាមួយកោះលទ្ធិប្រជាធិបតេយ្យដែលចិនអះអាងកម្មសិទ្ធិទេ ប៉ុន្តែវាជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់បំផុតរបស់តៃវ៉ាន់ ដែលជាហេតុធ្វើឲ្យចិនខឹង ហើយរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានបែរធ្វើការគាំទ្រជាថ្មីទៀត។
នៅក្នុងសុន្ទរកថាមួយនៅទីក្រុងតៃប៉ិ លោក Raymond Greene ជាអនុប្រធាននៃវិទ្យាស្ថានអាមេរិកនៅកោះតៃវ៉ាន់ បានមានប្រសាសន៍ នៅពេលលោកធ្វើការងារដំបូងជាមួយតៃវ៉ាន់ កាលពីពេលជិត២ទសវត្សកន្លងទៅថា គ្រប់យ៉ាងដែលខ្លួនបានធ្វើ មានការពាក់ព័ន្ធទៅនឹងបញ្ហាច្រកសមុទ្រតៃវ៉ាន់ និងរបៀបដែលតៃវ៉ាន់សមក្នុងចំណងមិត្តភាពអាមេរិក-ចិន។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “សហរដ្ឋអាមេរិកនឹងលែងមើលឃើញតៃវ៉ាន់ជាបញ្ហាក្នុងចំណងមិត្តភាពរបស់យើងជាមួយចិន យើងមើលឃើញវាជាឱកាសមួយ ដើម្បីជំរុញទស្សនវិស័យរួមគ្នារបស់យើង សម្រាប់សេរីភាពនិងភាពបើកចំហនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយក៏ជានិមិត្តសញ្ញាមួយ សម្រាប់មនុស្សជុំវិញពិភពលោក ដែលប្រាថ្នាចង់បានពិភពលោក ដែលកាន់តែមានសុវត្ថិភាព វិបុលភាពនិងលទ្ធិប្រជាធិបតេយ្យ”៕ ប្រែសម្រួល៖ប៉ាង កុង