ព័ត៌មានអន្តរជាតិ

កិច្ចព្រមព្រៀងឃ្លាំមើល របស់ទីភ្នាក់ងារ IAEA ជាមួយអ៊ីរ៉ង់ ផុតកំណត់នៅថ្ងៃ ទី២៤នេះ 

បរទេស៖ ទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែ របស់អង្គការសហប្រជាជាតិ និងប្រទេសអ៊ីរ៉ង់ បានធ្វើកិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយ ស្តីពីការឃ្លាំមើលសកម្មភាពអាតូមិករបស់ប្រទេសអ៊ីរ៉ង់ ដែលនឹងផុតកំណត់នៅថ្ងៃព្រហស្បតិ៍នេះ ហើយប្រសិនបើវាមិន ត្រូវបានបន្តទៀតទេ កិច្ចចរចាកាន់តែធំស្តីពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥ នឹងធ្លាក់ចូលក្នុងវិបត្តិ។

ដោយត្រូវបានធ្វើឡើង នៅថ្ងៃទី២១ ខែកុម្ភៈ កិច្ចព្រមព្រៀងឃ្លាំមើលបណ្ដោះអាសន្ននេះ បានមានសុពលភាពរយៈពេល៣ខែ ហើយបន្ទាប់មកបានបន្តរយៈពេលមួយខែទៀត កាលពីថ្ងៃទី២៤ ខែឧសភា។ ទីភ្នាក់ងារ IAEA បាននិយាយថា វានឹងផុតកំណត់នៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែមិនបាននិយាយបញ្ជាក់ថាម៉ោងប៉ុន្មាននោះទេ ហើយកំពុងតែពិភាក្សាគ្នាជាមួយអ៊ីរ៉ង់ លើការបន្តមួយរយៈទៀត។

គួរបញ្ជាក់ថា ដរាបណាកិច្ចព្រមព្រៀងបណ្ដោះអាសន្ននេះនៅតែមានសុពលភាពនោះ ទិន្នន័យនៅបន្តប្រមូល ដែលមានន័យថា ប្រសិនបើវានៅមានសុពលភាពបន្តនោះ ទីភ្នាក់ងារ IAEA  នៅតែមានការបន្តដឹង អំពីអ្វីដែលកើតឡើងក្នុងចំណុចដែលកិច្ចព្រមព្រៀងនោះគ្រប់ដណ្ដប់លើ។
តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានឲ្ដយឹងថា មន្រ្តីការទូតនានាបាននិយាយថា ការបាត់បង់ការបន្តដឹងនោះ នឹងបង្កឲ្យមានវិបត្តិការទូត និងធ្វើឲ្យអន្តរាយដល់កិច្ចចរចាគ្នាលើការស្តារឡើងវិញនូវកិច្ចព្រមព្រៀងឆ្នាំ២០១៥៕ប្រែសម្រួល៖ប៉ាង កុង

To Top