បរទេស៖ ប្រទេសអ៊ីរ៉ង់ បាននិយាយនៅក្នុងពេលថ្មីៗនេះថា សហរដ្ឋអាមេរិកបានយល់ព្រមដកទណ្ឌកម្មទាំងអស់លើប្រេងនិងការដឹកជញ្ជូនរបស់អ៊ីរ៉ង់ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបាននិយាយថា គ្មានអ្វីត្រូវព្រមព្រៀងគ្នាទេ រហូតដល់គ្រប់យ៉ាងត្រូវបានយល់ព្រម ក្នុងកិច្ចពិភាក្សាស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥ឡើងវិញ។
ការថ្លែងធ្វើឡើងដោយអគ្គសេនាធិការរបស់លោកប្រធានាធិបតី ហាស្សាន រ៉ូហានី គឺលោក Mahmoud Vaezi នេះ គឺជាការរំឭកជាថ្មីចំពោះការអះអាងពីមុនធ្វើឡើងដោយមន្ត្រីអ៊ីរ៉ង់ ដែលថា ទីក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើសម្បទានដ៏ធំនៅក្នុងកិច្ចពិភាក្សានុយក្លេអ៊ែ ក្នុងទីក្រុងវីយែន ដែលបានចាប់ផ្តើមនៅក្នុងខែមេសា។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ALARABIYA News នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Mahmoud Vaezi ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ដកស្រង់សម្តីថា កិច្ចព្រមព្រៀងគ្នាមួយ ត្រូវបានធ្វើឡើង ដើម្បីដកការរ៉ាប់រងទំាងអស់ ទណ្ឌកម្មប្រេងនិងការដឹកជញ្ជូន ដែលត្រូវបានដាក់ដោយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។
គួរបញ្ជាក់ថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ក្នុងឆ្នាំ២០១៨ និងបានដាក់ទណ្ឌកម្មឡើងវិញ បណ្ដាលឲ្យទីក្រុងតេអេរ៉ង់ចាប់ផ្តើមរំពានដែនកំណត់នុយក្លេអ៊ែខ្លះនៅក្នុងឆ្នាំ២០១៩ ទន្ទឹងនឹងការប្រកាន់ខ្ជាប់នូវគោលជំហររបស់ខ្លួនថា ខ្លួនគ្មានមហិច្ឆតាអាវុធនុយក្លេអ៊ែនោះទេ៕
ប្រែសម្រួល៖ប៉ាង កុង