ព័ត៌មានអន្តរជាតិ

រដ្ឋបាលលោក បៃដិន កំពុងធ្វើការងារលើ គម្រោង ជម្លៀសពលរដ្ឋអាហ្វហ្គានីស្ថាន រាប់ពាន់នាក់

បរទេស៖មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បានធ្វើការបញ្ជាក់ ក្នុងសន្និសីទកាសែតមួយ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា ក្រសួងការបរទេសអាមេរិក និងមន្ទីរបញ្ចកោណ កំពុងធ្វើការងារលើគម្រោងជម្លៀស ពលរដ្ឋអាហ្វហ្គានីស្ថានរាប់ពាន់នាក់ ដែលបានធ្វើការឲ្យសហរដ្ឋអាមេរិក នៅក្នុងអំឡុងសង្គ្រាមរយៈពេល ២០ឆ្នាំ ក្នុងប្រទេសអាហ្វហ្គានីស្ថាន។

លោក John Kirby ដែលជាឧត្តមនាវីចូលនិវត្តន៍ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “យើងកំពុងធ្វើរឿងនេះយ៉ាងហ្មត់ចត់ ហើយយើងដឹងថា យើងមានកាតព្វកិច្ចមួយ ចំពោះបុរសទាំងអស់នេះ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ”។

ពលរដ្ឋអាហ្វហ្គានីស្ថានចំនួនជាង ១៧.០០០នាក់ ដែលធ្វើការជាមួយអាមេរិកនិងកងកម្លាំងសម្ពន្ធមិត្ត នៅក្នុងអំឡុងសង្គ្រាមនៅអាហ្វហ្គានីស្ថាន មានសិទ្ធិចូលទៅរស់នៅក្នុង ទឹកដីសហរដ្ឋអាមេរិក ក្រោយកម្មវិធីទិដ្ឋាការអន្តោប្រវេសន៍ពិសេស រួមជាមួយមនុស្សជាង ៥០.០០០នាក់ ដែលជាប្រពន្ធនិងកូនរបស់ពួកគេ។

ដំណើរការនៃកម្មវិធីទិដ្ឋាការ អន្តោប្រវេសន៍ពិសេស គឺមានភាពយឺតយ៉ាវគួរឲ្យកត់សម្គាល់ ដោយរយៈពេលរង់ចាំជាមធ្យម បានប្រព្រឹត្តទៅអស់រយៈពេលជាង ៣ឆ្នាំ។ លោក John Kirby បានបដិសេធមិននិយាយ ឲ្យច្បាស់ពីចំនួនមនុស្ស១៧.០០០នាក់ នឹងត្រូវជម្លៀសនោះ៕ប្រែសម្រួល៖ប៉ាង កុង


To Top