បរទេស៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសជប៉ុននឹងផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ AstraZeneca ឲ្យដល់តៃវ៉ាន់និងវៀតណាម ចំនួន១លានៗដូសបន្ថែមទៀត នេះបើតាមការចេញផ្សាយមួយ របស់ទីភ្នាក់ងារសារព័ត៌មាន WKZO។
លោករដ្ឋមន្ត្រីការបរទេសជប៉ុនរូបនេះ បានមានប្រសាសន៍បន្ថែមទៀតថា ការរៀបចំក៏កំពុងត្រូវបានធ្វើឡើង ដើម្បីបញ្ជូនថ្នាំវ៉ាក់សាំងកូវីដ១៩ AstraZeneca ចំនួន១លានៗដូសផងដែរ ឲ្យដល់ប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន។
ក្រៅនេះ លោក Toshimitsu Motegi ក៏បានមានប្រសាសន៍ប្រាប់ផងដែរថា ប្រទេសជប៉ុននឹងចាប់ផ្តើមធ្វើការ ផ្គត់ផ្គង់ថ្នាំវ៉ាក់សាំងសរុបចំនួន ១១លានដូស ឲ្យដល់តំបន់នានា រួមមានតំបន់អាស៊ីអាគ្នេយ៍ អាស៊ីនិរតី និងបណ្ដាកោះនៅប៉ាស៊ីហ្វិក តាមរយៈកម្មវិធី COVAX ចាប់ពីពាក់កណ្ដាលខែកក្កដាទៅ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមិថុនាក ប្រទេសជប៉ុនបានបញ្ជូនថ្នាំវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន AstraZeneca PLC ចំនួន១,២៤លានដូស ឲ្យដល់កោះតៃវ៉ាន់ ដោយឥតគិតថ្លៃ ហើយការបរិច្ចាគឲ្យនោះ ឆ្លុះបញ្ចាំងពីចំណងមិត្តភាពជិតស្និទ្ធ រវាងរដ្ឋាភិបាលលោកស្រី ត្សៃ អ៊ីងវិន និងរដ្ឋាភិបាលជប៉ុន ក្នុងរយៈពេល៥ឆ្នាំកន្លងមក ៕
ប្រែសម្រួល៖ ប៉ាង កុង