ព័ត៌មានអន្តរជាតិ

រដ្ឋបាលខេត្តកំពង់ចាម នឹងបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ ក្នុងស្រុកចំនួន ៤ ចាប់ពីថ្ងៃស្អែក

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ នៅក្នុងស្រុកចំនួន ៤ ចាប់ពីថ្ងៃស្អែក គឺថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ តទៅ ។

លោកអភិបាលខេត្តបានប្រកាសដូច្នេះ ក្នុងពេលចូលរួមចែកអំណោយដល់គ្រិស្តបរិស័ទចំនួន ១០០ គ្រួសារ នៅព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១ ក្នុងបរិវេណវត្តបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ចាប់ពីថ្ងៃស្អែកនេះតទៅ រដ្ឋបាលខេត្តកំពង់ចាម ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ក្នុងស្រុកចំនួន ៤ គឺ ១ស្រុកកំពង់សៀម ២ស្រុកព្រៃឈរ ៣ស្រុកជើងព្រៃ ៤ស្រុកបាធាយ ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលជាអំណោយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានដឹកបញ្ជូនមកដល់រដ្ឋបាលខេត្តកំពង់ចាមរួចហើយ រីឯក្រុមគ្រូពេទ្យ ក៏បានរៀបចំទុកដាក់រួចរាល់ហើយដែរ សម្រាប់ត្រៀមចាក់ជូនប្រជាពលរដ្ឋរបស់យើង។ ដូច្នេះរដ្ឋបាលខេត្ត សូមប្រកាសអញ្ជើញ ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីប្រជុំជន អាជីវករលក់ដូរតាមផ្សារ និងមន្ត្រីរាជការ សូមទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទៅតាមគោលដៅនីមួយៗ ដែលក្រុមគ្រូពេទ្យបានរៀបចំ និងសូមកុំភ្លេចយកអត្តសញ្ញាណប័ណ្ណ សំគាល់ខ្លួនមកផង។

លោកអភិបាលខេត្តបានរំលឹកផងដែរថា មកដល់ពេលនេះខេត្តកំពង់ចាមមានប្រជាពលរដ្ឋ បានធ្លាក់ទៅក្នុងភាពក្រីក្រក្នុងរង្វង់ ៤៧,០០០ គ្រួសារ ដោយសារតែជួបគេបាត់ជំងឺកូវីដ១៩ ។ ជាមួយគ្នានេះរាជរដ្ឋាភិបាល ក៏បាន ដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់ប្រជាពលរដ្ឋដែលធ្លាក់ទៅក្នុងភាពក្រ១ ក្រ២ ក្នុងបរិបទជំងឺកូវីដ១៩ ផងដែរ ដែលសរុបទឹកប្រាក់ដល់ពេលនេះសម្រាប់ខេត្តកំពង់ចាម អស់ជាង ២០លានដុល្លារហើយ ។

ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ទទាំងអស់ ត្រូវបង្កើនការ ការពារខ្លួន ជៀសអោយផុតពីការឆ្លង ជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ” ៣ការពារ និង ៣កុំ ” ពិសេស ការលាងសម្អាតដៃជាប្រចាំ, ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ , កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ក្នុងដំណាក់កាល នៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩ នេះ ។

To Top